Update៖ កងទ័ពអ៊ីស្រាអ៊ែល បើករថយន្តបុកជនជាតិប៉ាឡេស្ទីនស្លាប់ម្នាក់នៅWest Bank!

អាជ្ញាធរប៉ាឡេស្ទីនបាននិយាយ ថារថយន្តរបស់កងទ័ពអ៊ីស្រាអែលមួយគ្រឿងបានបុក បុរសប៉ាឡេស្ទីនម្នាក់ស្លាប់កាលពីល្ងាចថ្ងៃចន្ទ (ទី១០ខែមីនា)ក្នុងទីក្រុងJeninក្នុងភាគខាងជើងនៃតំបន់WestBank ដែលកាន់កាប់។

ប្រភពពីសារព័ត៌មានAA News។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានកំណត់អត្តសញ្ញាណជនរងគ្រោះឈ្មោះFathi Ahmad Salah អាយុ៣២ឆ្នាំ។

យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតរង្វង់មូល Al Dakhiliyeh នៅពេលដែលរថយន្តបានបើកបុក Salah ដែលកំពុងជិះម៉ូតូ។
WAFA បានរាយការណ៍ថា ការប៉ះទង្គិចគ្នានេះបានធ្វើឱ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយគាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ibn Sina ដែលក្រោយមកបុគ្គលិកពេទ្យបានប្រកាសថាគាត់បានស្លាប់។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលកងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកយោធាដ៏សាហាវនៅភាគខាងជើងតំបន់ West Bank ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ 65 នាក់ និងរាប់ពាន់នាក់បានផ្លាស់ទីលំនៅចាប់តាំងពីថ្ងៃទី 21 ខែមករា។

គួរបញ្ជាក់ថា កាលពីខែកក្កដា តុលាការយុត្តិធម៌អន្តរជាតិបានប្រកាសថា ការកាន់កាប់ទឹកដីប៉ាឡេស្ទីនជាយូរយារណាស់មកហើយរបស់អ៊ីស្រាអែលដោយខុសច្បាប់ ដោយអំពាវនាវឱ្យមានការជម្លៀសរាល់ការតាំងទីលំនៅនៅតំបន់ West Bank និង East Jerusalem៕

Leave a Reply

Your email address will not be published. Required fields are marked *