(ភ្នំពេញ)៖ នៅល្ងាចទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធី “ពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា”ដើម្បីអបអរសាទរក្នុងឱកាស នៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ផផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥” របស់សមាគមឧកញ៉ាកម្ពុជា។
ពិធីនេះក៏មានអង្គការអញ្ជើញចូលរួមពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសមាជិក សមាជិកាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាច្រើនរូបទៀតផងដែរ។
ជាកិច្ចចាប់ផ្ដើម សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសកម្មភាពរបស់សមាគមឧកញ៉ា ដែលបានធ្វើនាពេលកន្លងទៅសម្រាប់សង្គមជាតិ ជាពិសេសរួមគ្នាថ្វាយដង្វាយដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ។
សម្ដេចបន្តថា នៅលើពិភពលោកយើងនេះ មានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែក៏ជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេផងដែរ។
នៅថ្ងៃនេះ សម្តេចតេជោបានហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងជាថាជា«សត្វ»។ សម្ដេចបានរម្លឹកទៅដល់អ្នកវិភាគឥតជំនាញមួយចំនួន ពីមូលហេតុដែលកម្ពុជានាំចូលពីចិនច្រើនជាង នាំចេញពីកម្ពុជាទៅចិន គឺដោយសារតែកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន ពិសេសសាច់ក្រណាត់ដែលបម្រើឱ្យវិស័យកាត់ដេរនៅកម្ពុជា សម្រាប់នាំចេញទៅក្រៅប្រទេសវិញ។
សម្តេចបានចោទជាសំណួរទៅកាន់ក្រុមជ្រុលនិយមមួយចំនួនដែលតែងតែរិះ គន់ ថាក្រុមឧកញ៉ាកម្ពុជាថាសុទ្ធតែជាសម្ព័ន្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជា ចុះប្រធានាធិបតី ដូណាល់ត្រាំ យកសុទ្ធមហាសេដ្ឋី យកទៅគ្រប់គ្រងរដ្ឋអាមេរិកវិញតើពួកអ្នកគិតយ៉ាងណាដែរ?។
សម្ដេចសង្ឃឹមថា ទាំងរាជរដ្ឋាភិបាល បក្សនយោបាយនានា និងប្រជាជនកម្ពុជា នឹងរួមចំណែកមិនធ្វើឱ្យកម្ពុជា ធ្លាក់ទៅក្នុងអន្ទាក់ជាប្រទេសមាន ចំណូលមធ្យម គឺត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសមានការអភិវឌ្ឍ។
សម្តេចបានអំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាទាំងអស់ មិនថាឧកញ៉ា ឬមិនឧកញ៉ានោះទេ គប្បីត្រូវរួមគ្នាធ្វើឲ្យសម្រេចបាននូវគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ ហើយត្រូវធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០ និងត្រូវធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាប្រទេសសម្រេចគោលដៅនៅឆ្នាំ២០៥០ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់។
សម្តេចតេជោបានមានប្រសាសន៍បង្ហើបឲ្យដឹងថា ព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបានបញ្ជាឲ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបងក្រោយបុគ្គលរូបនេះបាន Comment ចូលហ្វេសបុកសម្តេចមិនល្អដែលថា (តិចទៀតដល់សម្តេច) ក្រោយមានការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte នោះ។ សម្តេចតេជោហួសចិត្ត ដោយរាល់ពេលមានការចាប់ខ្លួនមេដឹកនាំណាម្នាក់ គេតែងតែប្រៀបធៀបសម្តេចជាមួយអ្នកទាំងនោះ។
កុំប្រៀបធៀបជោគជ័យអ្នកដទៃ ថា ជាជោគជ័យរបស់អ្នក ហើយបរាជ័យអ្នកដទៃ ជាបរាជ័យរបស់ ហ៊ុន សែន”។ សម្តេចបានមានប្រសាសន៍ថា “ហ៊ុន សែន គឺជា ហ៊ុន សែន, គឺជា ហ៊ុន សែន របស់កម្ពុជា”។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយកម្ពុជាមានសន្តិភាពពេញលេញ សម្ដេចបានសម្រេចដឹកនាំកម្ពុជាចូលអាស៊ានឱ្យខាងតែបាន។ សម្ដេចតេជោបញ្ជាក់បន្ថែមថា មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបានក្នុងនោះទី១.អាស៊ានប្រកាន់គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃក្នុងតំបន់, ទី២.អាស៊ានមានគោលការណ៍ ស្មារតីសហគមន៍។
ក្នុងចំណុចនេះ សម្ដេចតេជោបញ្ជាក់បន្ថែមថា នៅក្នុងកិច្ចប្រជុំអាស៊ាននៅសេប៊ូ ក្នុងប្រទេសហ្វីលីពីន សម្ដេចបានមានប្រសាសន៍លើកឡើងពីចំណុចល្អនៃគោលការណ៍កុងសង់ស៊ីស(ការព្រមព្រៀងឯកភាពគ្នា) ប្រសើរជាងជម្រើសបោះឆ្នោតនៅក្នុងអាស៊ាន ព្រោះថា ការបោះឆ្នោតនឹងនាំឱ្យអាស៊ានបែកបាក់ ដោយមានអ្នកបោះឆ្នោតគាំទ្រ អ្នកបោះឆ្នោតមិនគាំទ្រ និងអនុបវាទជាដើម។
ទី៣.កម្ពុជាទទួលផលជាច្រើនពីការចូលអាស៊ាន ជាពិសេសការទទួលផលពីការអនុគ្រោះពន្ធនានា ទាំងពីប្រទេសអាស៊ានចាស់ និងអាស៊ានថ្មីជាច្រើនឆ្នាំ។ ទី៤.ការចូលអាស៊ាន គឺជាច្រកចេញការទូតរបស់កម្ពុជា គឺដោយសារអាស៊ានមានដៃគូច្រើនក្នុងនោះមានដូចជា អាស៊ាន-អាម៉េរិក, អាស៊ាន-អង្គការសហប្រជាជាតិ, អាស៊ាន-អង្គការពាណិជ្ជកម្មពិភពលោក(WTO)ជាដើម។
នៅថ្ងៃនេះ សម្ដេចតេជោសូមឲ្យសមាគមឧកញ៉ា ដែលមានអ្នកវិនិយោគច្រើននៅទីនេះ ជួយទៅដល់វិស័យកសិកម្ម ការគាំទ្រនូវតម្លៃស្រូវ និងតម្លៃកសិផល ជាពិសេសតម្លៃស្រូវ ច្រើនតែពិបាក»។
សម្តេចតេជោបានលើកឡើងថា នៅពេលដែលវិបត្ដិស្រូវ ដែលប្រជាជនត្រូវការលក់ មានឧកញ៉ាខ្លះ គាត់ត្រូវការជួយឧបត្ថម្ភប្រជាជនជាអង្ករ ដូច្នេះឧកញ៉ាទាំងអស់ អាចទៅជួយទិញស្រូវ ដើម្បីមកកិនទៅជាអង្ករ ហើយយកទៅចែកចាយជូនប្រជាជន ឬក៏ដូចជាកម្មកររបស់ខ្លួន។
បន្ថែមពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យគួរតែពិនិត្យអំពីការខិតខំ ដើម្បីបង្កើតតម្លៃបន្ថែម តាមរយៈនូវផលិតកម្មកសិកម្ម ដែលកម្ពុជាមានច្រើនណាស់ ដូចជាស្វាយចន្ទីជាដើម ដែលកម្ពុជាកំពុងតែប្រែក្លាយទៅជាប្រទេស ដែលដាំស្វាយចន្ទីស្រស់ច្រើងជាងគេ នៅលើពិភពលោកផងដែរ។
សម្តេចបានគូសបញ្ជាក់ថា បើសិនជាកម្ពុជា ដាំដំណាំឧស្សាហកម្មបានច្រើន ដូចជាស្វាយចន្ទី ទន្ទឹមនឹងលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ ក៏អាចបង្កើតបាននូវ គម្រប់ព្រៃឈើកាន់តែធំ ដែលធានាឲ្យភាពបៃតង របស់កម្ពុជា ដែលចំណុចនេះ គួរតែត្រូវបានរួមគ្នា ឲ្យកម្ពុជាក្លាយទៅជាកសិឧស្សាកម្ម និងកសិពាណិជ្ជកម្ម៕