កាលពីថ្ងៃច័ន្ទ(ទី១៧ខែមីនា) សហភាពអឺរ៉ុប បានសន្យាផ្តល់ជំនួយចំនួន 5.8 ពាន់លានអឺរ៉ូ (6.3 ពាន់លានដុល្លារ)ដល់ប្រទេសស៊ីរី។
ការសន្យានេះ ធ្វើឡើងក្នុងសន្និសីទអ្នកផ្តល់ជំនួយប្រចាំឆ្នាំលើកទី 9 នៅទីក្រុងព្រុចសែល។
ប្រភពពីសសរព័ត៌មានReuters។
ស្នងការសហភាពអឺរ៉ុប លោកស្រី Dubravka Suica បានប្រកាសថា “ខ្ញុំមានកិត្តិយសក្នុងការប្រកាសថារួមគ្នា យើងបានសន្យាផ្តល់ជំនួយ និងប្រាក់កម្ចីសរុបចំនួន 5.8 ពាន់លានអឺរ៉ូ ព្រមទាំងជំនួយចំនួន 4.2 ពាន់លានអឺរ៉ូ និង 1.6 ពាន់លានអឺរ៉ូជាប្រាក់កម្ចី” ។
លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា សហភាពអឺរ៉ុប និងរដ្ឋជាសមាជិកនៅតែជាម្ចាស់ជំនួយដ៏ធំបំផុត ដែលស្មើនឹង 80% នៃការសន្យាផ្តល់ជំនួយ។លោកស្រី Suica បានបន្ថែមថា “លើសពីការផ្តល់ជំនួយ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងម្ចាស់ជំនួយបានប្រកាសប្រាក់កម្ចីសម្បទានក្នុងចំនួនទឹកប្រាក់ 1.6 ពាន់លានអឺរ៉ូ” ។
លោកស្រីបានសម្តែងនូវ ការដឹងគុណយ៉ាងស្មោះស្ម័គ្រ របស់គណៈកម្មការចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកចូលរួមក្នុងការកៀងគរធនធាន និងការស្វែងរកមធ្យោបាយដើម្បីគាំទ្រដល់ប្រទេសស៊ីរី និងប្រទេសជិតខាង៕