Update៖ តុលាការសម្រេចឃុំខ្លួនអ្នកបើករថយន្តJeep ដែលបុកគេស្លាប់នៅខណ្ឌទួលគោក!

(ភ្នំពេញ)៖ លោក ហុង ម៉ារីណិច ចៅក្រមស៊ើបសួរសាលា នៃដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤.១២.២០២៣។
បានសម្រេច​ឃុំ​ខ្លួន អ្នកបើក​រថយន្ត Jeep ដែលបង្កគ្រោះថ្នាក់ ស្លាប់មនុស្សនៅខណ្ឌទួលគោក ។
ដាក់​ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក តម្រូវ បណ្តាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ និងបទរត់គេចខ្លួន តាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។
ជនត្រូវចោទឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ​៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បច្ចុប្បន្នគឺជាសិស្សកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ។

គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបានកើតឡើងកាលពីវេលាយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០២៣ ស្ថិតនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក ។

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក​ផ្លាក​លេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើ​ត ។
ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បាន​បើក​បរ​តាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្រប​ពេល​នោះ​រថយន្ត​បើក​ដល់​ចំណុច​ផ្លូវប្រសព្វ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ។
បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាត​ចេញ​ពី​ម៉ូតូ​បែក​ក្បាល​ស្លាប់ ចំណែករថយន្ត​នៅ​មាន​ល្បឿន​បាន​អូស​ម៉ូតូ​របស់​ជន​រង​គ្រោះជា​ប់ខា​ងក្រោ​ម​រថយន្ត​ ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់។

ក្រោយ​ការ​រត់​គេច​ខ្លួន​អស់​មួយ​រយៈពេល​តាំ​ងពីថ្ងៃកើតហេតុរួចមក ជនបង្កខាងលើ ក៏ត្រូវបានអាណាព្យាបាល​នាំ​ខ្លួន ចូល​ទៅ​កាន់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣៕

Leave a Reply

Your email address will not be published. Required fields are marked *