(ភ្នំពេញ)៖ លោក ហុង ម៉ារីណិច ចៅក្រមស៊ើបសួរសាលា នៃដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤.១២.២០២៣។
បានសម្រេចឃុំខ្លួន អ្នកបើករថយន្ត Jeep ដែលបង្កគ្រោះថ្នាក់ ស្លាប់មនុស្សនៅខណ្ឌទួលគោក ។
ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោក តម្រូវ បណ្តាលឱ្យស្លាប់អ្នកដទៃ និងបទរត់គេចខ្លួន តាមមាត្រា៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា៥៤៣ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បច្ចុប្បន្នគឺជាសិស្សកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ។
គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបានកើតឡើងកាលពីវេលាយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាកផ្លាកលេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីលិចទៅកើត ។
ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបរតាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។
លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្របពេលនោះរថយន្តបើកដល់ចំណុចផ្លូវប្រសព្វ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ។
បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់ ចំណែករថយន្តនៅមានល្បឿនបានអូសម៉ូតូរបស់ជនរងគ្រោះជាប់ខាងក្រោមរថយន្ត ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់។
ក្រោយការរត់គេចខ្លួនអស់មួយរយៈពេលតាំងពីថ្ងៃកើតហេតុរួចមក ជនបង្កខាងលើ ក៏ត្រូវបានអាណាព្យាបាលនាំខ្លួន ចូលទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣៕