ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់ បានស្លាប់ដោយសារការវាយប្រហារ តាមផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​នៅ​ស៊ីរី!

​ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅខាងក្រៅរដ្ឋធានី Damascus របស់ប្រទេសស៊ីរី។
បានសម្លាប់ទីប្រឹក្សាជាន់ខ្ពស់ នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)។
នេះបើយោងតាមរបាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។

Sayyed Razi Mousavi ដែលជាមេបញ្ជាការកំពូលរបស់ IRGC នៅក្នុងប្រទេសស៊ីរី ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ។

គាត់ទទួលខុសត្រូវ ក្នុងការសម្របសម្រួលសម្ព័ន្ធភាពយោធារវាងស៊ីរី និងអ៊ីរ៉ង់ ដែលជាផ្នែកមួយដ៏សំខាន់នៃបណ្តាញសម្ព័ន្ធមិត្ត និងប្រូកស៊ីក្នុងតំបន់របស់អ៊ីរ៉ង់ ដែលគេស្គាល់ថាជា “អ័ក្សនៃការតស៊ូ។

​ការស្លាប់​របស់​ឧ​ត្ត​ម​សេនីយ៍​អ៊ីរ៉ង់ លោក Razi Moussavi កើតមានឡើង ចំពេល​ភាព​តានតឹង​កំពុង​កើនឡើង ក្នុង​តំបន់​មជ្ឈិមបូព៌ា ជាទី​ដែល​ចលនា​ប្រដាប់ អាវុធ​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន ចាប់តាំងពី​សង្គ្រាម​រវាង​អ៊ីស្រា​អែល និង​ក្រុម​ហា​ម៉ាស​ផ្ទុះឡើង​កាលពី​ថ្ងៃទី​៧ ខែតុលា​មក​។​

​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ IRNA លោក Moussavi ត្រូវបាន​សម្លាប់​នៅក្នុង ការវាយប្រហារ​តាមផ្លូវ​អាកាស​មួយ​របស់​អ៊ីស្រាអែល លើ​ស្រុក Zeinabiyah ស្ថិតនៅ​ជាយ​រដ្ឋធានី​ដា​ម៉ាស ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែធ្នូ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ បានចាត់ទុក​លោក Razi Moussavi ជាទី​ប្រឹក្សា​ដ៏​មានបទពិសោធន៍​បំផុត​ម្នាក់​នៃ​កងកម្លាំង Quds ដែលជា​អង្គភាព​យោធា​ទទួល បន្ទុក​កិច្ចការ​សង្គ្រាម​នៅក្រៅ​ប្រទេស​នៃ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។​

IRNA បន្ថែមទៀតថា​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Ebrahim Raisi ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់លោក Moussaviដែរ ភ្ជាប់​ជាមួយ​ការសន្យា ថា​នឹង​ឱ្យ​អ៊ីស្រាអែល តបស្នង​មកវិញ​យ៉ាង​ស័ក្តិសម​ចំពោះ​ទង្វើ​ឧក្រិដ្ឋ​នេះ​។
ប៉ុន្តែ​ភ្លាមៗ ខាង​អ៊ីស្រាអែល​មិនទាន់​ធ្វើ​អត្ថាធិប្បាយ​អ្វី​នៅឡើយ​ទេ​៕

Leave a Reply

Your email address will not be published. Required fields are marked *