កាលពីថ្ងៃអង្គារទី២៦ ខែធ្នូនេះ នាយកដ្ឋានព្រហ្មទណ្ឌ នៃតុលាការកំពូលរបស់ប្រទេសថៃ។
បានសម្រេចលើកទោស អតីតនាយករដ្ឋមន្ត្រីថៃ គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាប់ចោទពីបទៈ ប្រព្រឹត្តអំពើពុករលួយ ពាក់ព័ន្ធការផ្ទេរតំណែងអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) លោក Thawil Pliensri ក្នុងឆ្នាំ២០១១។
តុលាការសម្រេចថា លោកស្រី យីងឡាក់ គ្មានចេតនាបង្កការខូចខាតអ្វីទេ ហើយវាជាការផ្ទេរធម្មតា ពោលគឺ មិនមែនជាផែនការដកតំណែងមេប៉ូលិសជាតិ និងតែងតាំងសាច់ញាតិសម្រាប់ការងារអ្វីឡើយ។
តុលាការក៏ដកហូតដីកាចាប់ខ្លួនលោកស្រី យីងឡាក់ ដែលចេញនៅពេលលោកស្រី ខកខានចូលខ្លួនក្នុងតុលាការកាលពីខែវិច្ឆិកាឆ្នាំមុន សម្រាប់ការកាត់ទោសក្នុងសំណុំរឿងនេះ ផងដែរ។
ការចោទប្រកាន់ពីបទរំលោភអំណាចនេះ កើតឡើងនៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១១ ពេលលោកស្រី យីងឡាក់ ក្នុងនាមជានាយករដ្ឋមន្ត្រី ។
បានចុះហត្ថលេខាលើបញ្ជាផ្ទេរលោក Thawil Pliensri ចេញពីតំណែងអគ្គលេខាធិការ NSC ទៅធ្វើការជាទីប្រឹក្សានាយករដ្ឋមន្ត្រី។
ពេលនោះ ខុទ្ទកាល័យ ក៏បានអនុម័តតែងតាំងលោក Wichean Potephosree ដែលកាលនោះជាអគ្គស្នងការនគរបាលជាតិ ឲ្យទៅជំនួសលោក Thawil នៅ NSC វិញ។
បន្ទាប់មក លោកស្រី យីងឡាក់ បានស្នើឲ្យ ឧត្តមសេនីយ៍ឯក Priewphan Damapong ដែលជាអគ្គស្នងការរងនគរបាលជាតិនិងជាសាច់ញាតិជិតស្និទ្ធរបស់លោកស្រី ត្រូវតែងតាំងជាអគ្គស្នងការនគរបាលជាតិ ដើម្បីបំពេញតួនាទីទំនេរដែលបន្សល់ទុកដោយលោក Potephosree។
លោក Priewphan ត្រូវជាបងប្អូនរបស់អតីតភរិយាលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺលោកស្រី Potjaman Na Pombejra ហើយត្រូវចូលនិវត្តន៍នៅថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ២០១២។
លោក Thawil បានដាក់ញត្តិទៅតុលាការរដ្ឋបាលកំពូល ឲ្យរំសាយសេចក្តីសម្រេចពាក់ព័ន្ធការផ្ទេរតំណែងនោះ។
យ៉ាងណា តុលាការធម្មនុញ្ញ បានសម្រេចជាឯកច្ឆ័ន្ទថា លោកស្រី យីងឡាក់ ពិតជារំលោភអំណាចមែន ដោយជ្រៀតជ្រែកក្នុងការផ្ទេរមន្ត្រីរដ្ឋាភិបាល។
បន្ទាប់មក លោកស្រីត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រី។
មកដល់ថ្ងៃទី១ខែកក្កដា ឆ្នាំ២០២០ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ បានចេញសេចក្តីសម្រេចថា មានហេតុផលដែលរកឃើញថា លោកស្រី យីងឡាក់ មានភាពមិនស្មោះត្រង់ក្នុងការបំពេញភារកិច្ច ហើយជំរុញឲ្យអគ្គមេធាវីដាក់ប្តឹងលោកស្រី នៅក្នុងផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយ។
តុលាការបានចេញដីកាចាប់ខ្លួនលោកស្រី នៅពេលលោកស្រីមិនបង្ហាញខ្លួនចំពោះមុខតុលាការ សម្រាប់សវនាការលើកដំបូងក្នុងខែវិច្ឆិកាឆ្នាំ២០២២។
លោកស្រី យីងឡាក់ បានរត់គេចខ្លួនតាំងពីខែសីហា ឆ្នាំ២០១៧មក នៅពេលលោកស្រី ខកខានបង្ហាញខ្លួននៅតុលាការ ក្នុងសំណុំរឿងពាក់ព័ន្ធកម្មវិធីសន្យាទិញស្រូវ ដែលខាតបង់ប្រាក់យ៉ាងតិច៥០០ពាន់លានបាត។ ករណីនេះលោកស្រីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។
សូមបញ្ជាក់ លោកស្រី យីងឡាក់ មកពីគណបក្សភឿថៃ បានក្លាយជានាយករដ្ឋមន្ត្រីថៃ ក្រោយការបោះឆ្នោតឆ្នាំ ២០១១។
លោកស្រី គឺជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេនិងក្មេងជាងគេបំផុតរបស់ប្រទេសថៃ ក្នុងរយៈពេលជាង៦០ឆ្នាំ។ លោកស្រីត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៤៕