ក្រសួងការពារជាតិឥណ្ឌា បាននិយាយថា ខ្លួន បានបញ្ជូននាវាពិឃាតមីស៊ីល នាំផ្លូវទៅកាន់សមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារ លើនាវាដឹកប្រេងគីមី ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅឯឆ្នេរសមុទ្ររបស់ខ្លួន។
កប៉ាល់ MV Chem Pluto ដែលមាននាវិកជាជនជាតិឥណ្ឌា២១នាក់ និងវៀតណាមម្នាក់ ត្រូវរងការបាញ់ប្រហារ ក្នុងសមុទ្រនៅចម្ងាយប្រហែល ៣៧០គីឡូម៉ែត្រ ពីឆ្នេរនៃរដ្ឋ Gujarat ភាគខាងលិច។
ការវាយប្រហារ បង្កជាអគ្គិភ័យឆាបឆេះ ប៉ុន្តែ ក្រុមនាវិកពន្លត់ទាន់ពេល ហើយមិនមានអ្នកណារងរបួសទេ។
គ្មានក្រុមណាចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែសហរដ្ឋអាមេរិក ស្តីបន្ទោសចំៗទៅទីក្រុងតេហេរ៉ង់ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធហើយហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាល់តែសោះ”។
គ្មានក្រុមណាចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែសហរដ្ឋអាមេរិក ស្តីបន្ទោសចំៗទៅទីក្រុងតេហេរ៉ង់ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បដិសេធហើយហៅការចោទប្រកាន់នេះថា “គ្មានមូលដ្ឋានទាល់តែសោះ”។
កប៉ាល់ MV Chem Pluto ជាកប៉ាល់ផ្ទុកប្រេងនិងសារធាតុគីមី ដោតទង់ជាតិលីបេរីយ៉ា គ្រប់គ្រងដោយជប៉ុន និងហូឡង់ ខណៈក្រុមហ៊ុនសន្តិសុខដែនសមុទ្រអង់គ្លេស Ambrey អះអាងថា កប៉ាល់នេះមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ប៉ុន្តែមិនបញ្ជាក់ព័ត៌មានលម្អិតឡើយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន, កប៉ាល់នេះបានចេញដំណើរពីអារ៉ាប៊ីសាអូឌីត ហើយឆ្ពោះទៅកំពង់ផែ Mangalore នៅភាគខាងត្បូងប្រទេសឥណ្ឌា ពេលការវាយប្រហារកើតឡើង ហើយបន្ទាប់ពីកើតហេតុ នាវាឆ្មាំសមុទ្រឥណ្ឌាមួយគ្រឿង ក៏បានអមដំណើរ MV Chem Pluto ទៅកាន់ទីក្រុងបុមបៃកាលពីថ្ងៃចន្ទ។
ក្រោយមក កងទ័ពជើងទឹកឥណ្ឌា បានចេញសេចក្តីថ្លែងការណ៍ថា “ព្រោះតែវិវាទនៃការវាយប្រហារនាពេលថ្មីៗក្នុងសមុទ្រអារ៉ាប់ កងនាវាចរឥណ្ឌា បានសម្រេចចិត្តដាក់ពង្រាយនាវាពិឃាដបំពាក់មីស៊ីល INS Mormugao INS Kochi និង INS Kolkata ទៅក្នុងតំបន់ផ្សេងៗដើម្បីកម្លាចសត្រូវ”។
កងទ័ពជើងទឹកបន្ថែមថា ខ្លួនក៏កំពុងបើកប្រតិបត្តិការហោះហើរយន្តហោះឈ្លបយកការណ៍ដែនសមុទ្ររយៈចម្ងាយឆ្ងាយជាប្រចាំផងដែរ ដើម្បីតាមដានស្ថានភាពឲ្យជាប់។
សូមបញ្ជាក់ ឥណ្ឌា ជាប្រទេសពឹងផ្អែកយ៉ាងខ្លាំងលើការដឹកជញ្ជូនប្រេងឥន្ធនៈពីមជ្ឈិមបូព៌ា ជាពិសេសពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់។
ដូច្នេះ ការរំខានណាមួយនៅក្នុងផ្លូវនេះ ច្បាស់បង្កបញ្ហាសម្រាប់ប្រទេសឥណ្ឌាជាក់ជាមិនខាន៕