Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សាជាច្រើនកន្លែង ខណៈកិច្ចចរចាបទឈប់បាញ់នៅជាប់គាំង!

កាលពីថ្ងៃសុក្រ(ទី១៨ខែមេសា)យោធាអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួន លើគោលដៅប្រហែល ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេលមួយថ្ងៃ បន្ទាប់ពីក្រុមហាម៉ាស់បានបដិសេធសំណើបទឈប់បាញ់របស់អ៊ីស្រាអែល ដោយលើកឡើងថា សំណើនោះនៅជាប់គាំង។

ប្រភពពីសារព័ត៌មាន Reuters។

កាលពីខែមុន យោធាអ៊ីស្រាអែលបានបំពានបទឈប់បាញ់រយៈពេលពីរខែ ហើយចាប់តាំងពីពេលនោះមក បានបើកការវាយលុកពីភាគខាងជើង និងខាងត្បូង ដោយដណ្តើមបានជិតមួយភាគបីនៃតំបន់ហ្គាហ្សា ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស់ឲ្យយល់ព្រមដោះលែងចំណាប់ខ្មាំង និងទម្លាក់អាវុធ។
អ្នកសម្របសម្រួលអេហ្ស៊ីប កំពុងព្យាយាមស្តារកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមករាឡើងវិញ ប៉ុន្តែមានសញ្ញាតិចតួចនៃវឌ្ឍនភាពលើបញ្ហាគោល។ កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំហាម៉ាស់ប្រចាំតំបន់ហ្គាហ្សា លោក Khalil Al-Hayya បាននិយាយថា ក្រុមនេះមានឆន្ទៈដោះដូរចំណាប់ខ្មាំងអ៊ីស្រាអែល ៥៩នាក់ ដែលនៅសេសសល់ ជាមួយអ្នកទោសប៉ាឡេស្ទីន និងការកសាងតំបន់ហ្គាហ្សាឡើងវិញ។ ប៉ុន្តែលោកបានច្រានចោលសំណើរបស់អ៊ីស្រាអែល ដែលរួមមានការទាមទារឲ្យហាម៉ាស់ទម្លាក់អាវុធ ដោយហៅវាថាជា «លក្ខខណ្ឌដែលមិនអាចទៅរួច»។

ទោះជាយ៉ាងណា អ៊ីស្រាអែល មិនទាន់ឆ្លើយតបជាផ្លូវការចំពោះសម្តីរបស់លោក Al-Hayya ទេ ប៉ុន្តែក្រុមរដ្ឋមន្ត្រីបានអះអាងជាបន្តបន្ទាប់ថា ក្រុមហាម៉ាស់ត្រូវតែរំសាយអាវុធទាំងស្រុង ហើយមិនអាចមានតួនាទីក្នុងការគ្រប់គ្រងហ្គាហ្សានាពេលអនាគតបានទេ។
ខណៈកិច្ចចរចាគ្មានផ្លែផ្កា អ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធារបស់ខ្លួន ចាប់តាំងពីបានបំពានបទឈប់បាញ់កាលពីខែមុន ដោយបានចូលកាន់កាប់ទឹកដីបន្ថែម និងបានអះអាងថា នឹងបន្តរក្សាវត្តមានកងទ័ពនៅក្នុងតំបន់ការពារ (buffer zone) ទោះបីមានកិច្ចព្រមព្រៀងណាមួយក៏ដោយ។
គួរបញ្ជាក់ថា ការខ្វែងគំនិតគ្នាលើលក្ខខណ្ឌបញ្ចប់សង្គ្រាម កំពុងធ្វើឲ្យកិច្ចចរចាគ្មានដំណើរការ ហើយការប្រយុទ្ធគ្នា និងការរងទុក្ខរបស់ជនស៊ីវិលនៅហ្គាហ្សា នៅតែបន្តកើតមាន៕

Leave a Reply

Your email address will not be published. Required fields are marked *