រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍(ទី៨ ខែឧសភា) បានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដោយបានសង្កត់ធ្ងន់ឲ្យឥណ្ឌានិងប៉ាគីស្ថាន ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបន្ធូរបន្ថយជម្លោះរវាងប្រទេសទាំងពីរ។
ប្រភពពីសារព័ត៌មាន Reuters។
ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីភាពតានតឹងផ្នែកយោធាបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ ដោយមានការអះអាងពីការបាញ់ទម្លាក់ដ្រូន និងការវាយប្រហារឆ្លងដែនទៅវិញទៅមក។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ដដែលនេះ សាក្សីរបស់ Reuters បានរាយការណ៍ថា សំឡេងផ្ទុះដ៏ខ្លាំងចំនួនពីរលើក និងសំឡេងស៊ីរ៉ែន ត្រូវបានឮនៅក្នុងទីក្រុង Jammu ក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា ជាមួយនឹងដាច់ចរន្តអគ្គិសនីទូទាំងទីក្រុង ទោះបីជាមូលហេតុនៃការផ្ទុះមិនទាន់ត្រូវបានបញ្ជាក់ក៏ដោយ៕