រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា នៅថ្ងៃសៅរ៍ ទី១០ ខែឧសភា។ ហើយនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលកិច្ចសន្ទនាពិភពលោកអ៊ីរ៉ង់-អារ៉ាប់នៅទីក្រុងដូហា មុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីបួនរវាងអ៊ីរ៉ង់ និងអាមេរិក អាចនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥។
កិច្ចចរចានុយក្លេអ៊ែរជុំទីបួនរវាងមន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ទំនងជានៅក្នុងរដ្ឋធានីនៃប្រទេសអូម៉ង់ ដែលជាអ្នកសម្របសម្រួលកន្លងមក។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងអារ៉ាប់រួម នៅសប្តាហ៍ក្រោយផងដែរ ដែលបង្ហាញពីសកម្មភាពការទូតដ៏មមាញឹកនៅក្នុងតំបន់។
លោក ត្រាំ ដែលបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ បានគំរាមកំហែងចាត់វិធានការប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើមិនអាចសម្រេចបានកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់៕