(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥.០៥.២០២៥ បានសម្រេចឃុំខ្លួនអតីតឧកញ៉ា ហេង សិទ្ធី ពីបទ គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។
-នេះបើយោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយចៅក្រមស៊ើបសួរ យី សុខតូច។
ក្នុងដីកានោះបញ្ជាក់ថា សំណុំរឿងស៊ើបសួរលេខ ៥៥៥៩ ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ដែលទាក់ទងនឹងឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៦៤២៧៧៧ មុខរបរ ពាណិជ្ជករ ទឹកន្លែងកំណើតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួន នៅផ្ទះលេខ៦២LM ផ្លូវលេខ២០៥ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ប្រពន្ធឈ្មោះ វ៉ាន់ សុភ័ណ្ឌ (លែងលះ) មានកូន ៤នាក់ ឪពុកឈ្មោះ ចុង សុវណ្ណនី ម្តាយឈ្មោះ លី ចាន់នី ជានីតិជន ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ-គ្មាន។
ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស ប្រព្រឹត្តនៅប្រទេស កម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧២ និងមាត្រា៣៧៤ នៃ ក្រមព្រហ្មទណ្ឌ។
ហេតុដូច្នេះ ចៅក្រមបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ហេង សិទ្ធី ភេទប្រុស កើតថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៨៩ ទៅមណ្ឌលអប់រំកែប្រែទី១ (ម១) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២-ឱ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១)ទទួលជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។
៣-ឱ្យគ្រប់ភ្នាក់ងារនៃកម្លាំងសាធារណៈទាំងអស់សហការអនុវត្តឱ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុង ករណីចាំបាច់។
-អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានសមត្ថកិច្ចនៃប្រទេសរុស្ស៊ី ចាប់ខ្លួន កាលពីកន្លងទៅ ហើយបានបញ្ជូនមកដល់កម្ពុជា កាលពីយប់ទី២៤.០៥.២០២៥។
លុះដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៥ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនអតីតអ្នកឧកញ៉ា ហេង សុទ្ធី មកសាលាដំបូងរាជធានីភ្នំពេញ រហូតតុលាការចេញដីកាឃុំខ្លួនតែម្ដង៕