Update៖ អ៊ីស្រាអែល បន្តវាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់២៣នាក់ទៀត!

នៅថ្ងៃអាទិត្យ(ទី២៥ខែឧសភា) ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២៣នាក់នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប បានស្លាប់។

ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ក្នុងនោះរួមមានអ្នកកាសែតក្នុងស្រុកម្នាក់ និងមន្ត្រីជាន់ខ្ពស់នៃសេវាសង្គ្រោះបន្ទាន់ស៊ីវិលម្នាក់ផងដែរ។
ប្រភពពីសារព័ត៌មានReuters។

ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការស្លាប់ចុងក្រោយនេះ បណ្តាលមកពីការវាយប្រហារដាច់ដោយឡែកពីគ្នានៅទីក្រុង Khan Younis, ទីក្រុង Jabalia, និងទីក្រុង Nuseirat កណ្តាលហ្គាហ្សា។
នៅJabalia អ្នកកាសែតក្នុងស្រុក លោក Hassan Majdi Abu Warda និងសមាជិកគ្រួសារមួយចំនួនបានស្លាប់ក្នុងគេហដ្ឋានដោយការវាយប្រហារតាមអាកាស។

នៅ Nuseirat ការវាយប្រហារមួយទៀតបានសម្លាប់លោក Ashraf Abu Nar មន្ត្រីជាន់ខ្ពស់សេវាសង្គ្រោះបន្ទាន់ស៊ីវិល និងភរិយារបស់លោកនៅក្នុងផ្ទះរបស់ពួកគេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ បាននិយាយថា ការស្លាប់របស់លោក Abu Warda បានធ្វើឲ្យចំនួនអ្នកកាសែតប៉ាឡេស្ទីនដែលត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ កើនដល់ ២២០នាក់។

ការិយាល័យនេះក៏បានអះអាងដែរថា កងកម្លាំងអ៊ីស្រាអែលបានគ្រប់គ្រង ៧៧% នៃតំបន់ហ្គាហ្សាស្ទ្រីប តាមរយៈកងទ័ពជើងគោក ឬការបញ្ជាឲ្យជម្លៀស និងការទម្លាក់គ្រាប់បែក។

ទន្ទឹមនឹងនេះប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម បានប្រកាសកាលពីថ្ងៃអាទិត្យថា អ្នកប្រយុទ្ធរបស់ពួកគេបានធ្វើការវាយឆ្មក់ និងវាយប្រហារជាច្រើនលើកដោយប្រើគ្រាប់បែក និងគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះ សំដៅលើកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ជាច្រើន៕

Leave a Reply

Your email address will not be published. Required fields are marked *