(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួន លោក ហង្ស សំណាង និងមនុស្ស២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព បទ៖ ញុះញង់ឱ្យមានការរើសអើង និងបទ៖ ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលនឹងយោធា តាមមាត្រា ៤៧២, ៤៩៤, ៤៩៦ និង៦១៦ នៃក្រមព្រហ្មទណ្ឌ”ដែលបានប្រព្រឹត្ត តាមបណ្ដាញសង្គម កាលពីថ្ងៃទី២៩.០៥.២០២៥។
-ជនត្រូវចោទទាំង៣នាក់៖
ទី(១)ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ(ចាងហ្វាងសារព័ត៌មាន ហង្ស សំណាង)។
(២)ឈ្មោះ កុញ វាសនា ហៅស្នា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ និងទី(៣)ឈ្មោះ រស់ អែវ ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ។
សូមជម្រាបថា លោក ហង្ស សំណាង”ចាងហ្វាងសារព័ត៌មាន ហង្ស សំណាង និងឈ្មោះ រស់ អែវ ភេទប្រុស អាយុ៦០ឆ្នាំ នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងឈ្មោះ កុញ វាសនា ភេទប្រុសអាយុ ៣៥ឆ្នាំ នៅភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីព្រឹកទី៣០.០៥.២០២៥ ពាក់ព័ន្ធការបង្កើតមាតិការ បែបកំប្លែងចម្អក សម្តែងឈុតជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដង ញុះញង់បំបាក់ទឹកចិត្ត និងស្មារតីយោធា ដែលទង្វើនេះ មិនមែនជាទម្រង់ នៃវិជ្ជាជីវៈព័ត៌មាននោះឡើយ៕