Update៖ ពលរដ្ឋអូទ្រីស រងភាពតក់ស្លុតបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស១០នាក់នៅក្នុងសាលារៀន!

ប្រជាជនអូទ្រីស រងភាពតក់ស្លុតនិងភាពភ័យរន្ធត់ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យ ២១ឆ្នាំម្នាក់ បានសម្លាប់មនុស្ស ១០នាក់ និងបាញ់សម្លាប់ខ្លួនឯង នៅក្នុងការបាញ់ប្រហារនៅវិទ្យាល័យមួយកន្លែងកាលពីព្រឹកថ្ងៃអង្គារ (ទី១០ ខែមិថុនា) ម្សិលមិញនេះ ដោយបានបើកបង្ហាញពីអំពើហិង្សាថ្មីមួយដល់ប្រទេសតំបន់ភ្នំអាល់ ដែលមិនទម្លាប់ចំពោះហេតុការណ៍បែបនេះ។

ឪពុកម្តាយរបស់សិស្ស ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងអ្នកស្រុកក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Graz កំពុងកាន់ទុក្ខ និងសោកសៅរកពាក្យនិយាយមិនត្រូវ បន្ទាប់ពីយុវជនដៃដល់ដែលមិនបញ្ចេញឈ្មោះរូបនោះ បើកការបាញ់ប្រហារនៅសាលារៀនដែលរូបគេទើបតែចូលធ្វើជាសិស្សនាពេលថ្មីៗ។
នគរបាលមិនបានបង្ហាញហេតុផលនៅពីក្រោយការបាញ់សម្លាប់នេះទេ ប៉ុន្តែកាសែតអូទ្រីស Kronen Zeitung បាននិយាយថា ក្រុមមន្រ្តីបានរកឃើញលិខិតលាគ្នាចុងក្រោយមួយច្បាប់ អំឡុងពេលឆែកឆេរលំនៅឋានរបស់ជនសង្ស័យ។ អាជ្ញាធរនិយាយថា បុរសសង្ស័យមិនបានបញ្ចប់ការសិក្សាពីសាលានោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយអូទ្រីស បានចេញរបាយការណ៍ដែលមិនបានបញ្ជាក់ ដែលថាខ្មាន់កាំភ្លើងធ្លាប់ទទួលរងពីការធ្វើបាបគំរាមកំហែង។
នគរបាលរាប់រយនាក់បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ បន្ទាប់ពីការបាញ់ប្រហារនៅម៉ោងក្នុងស្រុកប្រហែល ១០ព្រឹក ដែលសម្លាប់មនុស្ស ៩នាក់នៅនឹងកន្លែង និងបង្ករបួស ១២នាក់ទៀត ហើយបន្តិចក្រោយមក ជនដៃដល់បាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹក ខណៈអ្នករបួសម្នាក់ស្លាប់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះជាការបាញ់ប្រហារនៅសាលាអូទ្រីស ដ៏អាក្រក់បំផុតក្នុងកំណត់ត្រា៕

Leave a Reply

Your email address will not be published. Required fields are marked *