(ភ្នំពេញ)៖ នៅព្រឹកទី១២.០៦.២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះឃ្លីបវីដេអូ នៃការទទួលទានអាហារពេលល្ងាច នៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។
បន្ទាប់មក សម្ដេចនិងលោកជំទាវ ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។
សម្ដេចធិបតី បានលើកឡើងយ៉ាងដូច្នេះថា”មុនវិលត្រលប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។
ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះ។
ហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ។
ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។
ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងអោយកាន់តែរីកចំរើន ហើយកុំអោយមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្មណ៍ពីបញ្ហាព្រំដែនដែលកំពុងក្តៅ។
ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងអោយបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយអោយអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង”៕