កាលពីថ្ងៃអង្គារ ទី១០ ខែមិថុនា ជប៉ុនបានរាយការណ៍ថា នាវាផ្ទុកយន្តហោះចម្បាំងចិន២គ្រឿងធ្វើប្រតិបត្តិការពេលជាមួយគ្នា នៅតំបន់មហាសមុទ្រប៉ាស៉ីហ្វិកជាលើកដំបូង ខណៈដែលទីក្រុងប៉េកាំង ប្រឹងប្រែងបង្កើនសមត្ថភាពទ័ពជើងទឹក ដើម្បីធ្វើប្រតិបត្តិការនៅតំបន់ដែលស្ថិតឆ្ងាយពីឆ្នេររបស់ខ្លួន។
ប្រភពពីសារព័ត៌មាន AFP។
ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថា កាលពីថ្ងៃចន្ទ នាវាផ្ទុកយន្តហោះចម្បាំង Shandong និងនាវាយោធាអមដំណើរ៤គ្រឿង បានបើកកាត់ដែនទឹកសេដ្ឋកិច្ចរបស់ជប៉ុន ជុំវិញតំបន់ថ្មប៉ប្រះទឹកដាច់ស្រយាល Okinotori នៅឯមហាសមុទ្រប៉ាស៉ីហ្វិក។ នៅទីនោះ យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្ររបស់នាវា Shandong បានធ្វើការហ្វឹកហាត់ហោះឡើងនិងចុះចត។
កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិជប៉ុន ក៏បានឱ្យដឹងដែរថា នាវាផ្ទុកយន្តហោះចម្បាំងចិន១គ្រឿងទៀតឈ្មោះ Liaoning ព្រមទាំងក្រុមនាវាអមដំណើរ បានបើកកាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ជប៉ុននៅប៉ាស៉ីហ្វិក កាលពីចុងសប្តាហ៍កន្លងទៅនេះ មុនចាកចេញទៅវិញ ដើម្បីធ្វើការហ្វឹកហ្វឺនពាក់ព័ន្ធយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធា៕