អ៊ីស្រាអែលបានប្រកាសជំរុញទៅដល់បុគ្គលិកពេទ្យ និងអ្នកជំងឺដែលនៅសល់ក្នុងមន្ទីរពេទ្យ al-Shifa នៃតំបន់ហ្គាហ្សាស្ទ្រីប ឲ្យជម្លៀសចេញជាបន្ទាន់។
ដោយសារតែទាហានអ៊ីស្រាអែលអាចនឹងបើកការវាយលុកចូលមន្ទីរពេទ្យទាំងអស់ក្នុងតំបន់នាពេលឆាប់ៗខាងមុខនេះ ។
នៅក្នុងឃ្លីបវីដេអូដែលបានបង្ហោះកាលពីថ្ងៃអាទិត្យ មន្ត្រីយោធាអ៊ីស្រាអែលដែលនិយាយជាភាសាអារ៉ាប់បានលើកឡើងថា ការប្រកាសឲ្យមានការជម្លៀសមនុស្សចេញពីមន្ទីរពេទ្យ គឺដោយសារតែបន្ទាយសំខាន់ៗមួយចំនួនរបស់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស លាក់បង្កប់នៅក្រោមកន្លែងព្យាបាលក្នុងតំបន់ហ្គាហ្សា ។
យោងតាមអ្នកនាំពាក្យយោធាអ៊ីស្រាអែលបានឲ្យដឹងថា រហូតមកដល់ពេលនេះខាងយោធាបានដាក់សំណើទៅកាន់ប្រធានពេទ្យរួចរាល់អស់ហើយ អំពីការជម្លៀសបុគ្គលិកពេទ្យ អ្នកជំងឺ និងជនស៊ីវិលដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ al-Shifa ហើយពួកគេទាំងនោះអាចជម្លៀសចេញតាមផ្លូវខាងកើត ដែលនៅតែបើកការចេញចូលនៅឡើយ ។
ពាក់ព័ន្ធនឹងបញ្ហា នៅក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន លោកស្រី Mai Alkaila បានរិះគន់ទៅដល់អ៊ីស្រាអែលយ៉ាងចាស់ដៃ ចំពោះការបង្ខំប្រជាជនដែលកំពុងសម្រាកព្យាបាលឲ្យចាកចេញពីមន្ទីរពេទ្យ ជាពិសេសគឺការគំរាមពួកគេអំពីការវាយប្រហារតាមអាកាសនេះតែម្ដង ។
លោកស្រីបានអះអាងថា យោធាអ៊ីស្រាអែលកំពុងបំពានច្បាប់អន្តរជាតិ ហើយបានអំពាវនាវឲ្យមានអន្តរាគមន៍រហ័សពីសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិផងដែរ ។ បច្ចុប្បន្នអ្នកជម្លៀសជាច្រើននាក់ស្ថិតនៅភាគខាងត្បូងតំបន់ហ្គាហ្សា បន្ទាប់ពីបានភៀសខ្លួនចេញពីការវាយប្រហាររបស់អ៊ីស្រាអែល ។
ជាមួយគ្នានេះ ការវាយប្រហាររបស់អ៊ីស្រាអែលកើតមានឡើង ចំពេលមានការខ្វះខាតប្រេងឥន្ធនៈ និងស្បៀងអាហារ ខណៈស្ថានភាពមនុស្សធម៌នៅទីនោះក៏កាន់តែយ៉ាប់យ៉ឺនផងដែរ ដោយសារតែមានប្រជាពលរដ្ឋរស់នៅយ៉ាងច្រើនកកកុញ ។
គួរជម្រាបថា បច្ចុប្បន្ន អ៊ីស្រាអែលបាននិងកំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស ប្រតិបត្តិការជើងគោក និងការទម្លាក់គ្រាប់បែក ជាពិសេសនៅតំបន់ភាគខាងជើងនៃតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលកងរថក្រោះរបស់អ៊ីស្រាអែលកំពុងបោះពួយរុលចូលទៅមុខយ៉ាងជ្រៅ ។
យោងតាមក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ជនស៊ីវិលលើស ១១,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីជាង ៨,០០០ នាក់ចាប់តាំងពីជម្លោះថ្មីបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយការវាយប្រហារឆ្លងព្រំដែនចូលអ៊ីស្រាអែលពីសំណាក់ក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១,០០០ នាក់ ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ២៨.០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕