ឯកឧត្តម ឡាំ ជា ថ្លែងថាកម្ពុជាប្រកាន់យកគោលនយោបាយសន្តិភាពនិយម និងចង់បានព្រំដែនមួយដែលមានសន្តិភាពជាមួយភាគីថៃ!

(ភ្នំពេញ)៖ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា បានបញ្ជាក់អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់យកនូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ដែលភាគីទាំងពីរ បានឯកភាពគ្នាប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០ ០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឲ្យដឹងថា ភាគីកម្ពុជា ក៏បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមកប្រើប្រាស់ជាសំអាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃនាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន និងទៅអនាគត។

សេចក្តីប្រកាសព័ត៌មាន បានបន្ថែមថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ភាគីកម្ពុជា នៅតែប្រកាន់ជំហរ និងសុឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ៕

Leave a Reply

Your email address will not be published. Required fields are marked *