នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនាកូរ៉េខាងជើង បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលដែលបង្កទៅជាជម្លោះជាមួយអ៊ីរ៉ង់ និងព្រមានអាមេរិក រួមទាំងមហាអំណាចអឺរ៉ុប ប្រឆាំងនឹងការដុតបញ្ឆេះភ្លើងសង្រ្គាម។ ប្រភពពីសារព័ត៌មាន AFP។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA តាមរយៈការស្រង់សម្ដីពីអ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសកូរ៉េខាងជើង បានឱ្យដឹងថាកូរ៉េខាងជើងបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញការវាយប្រហារ របស់អ៊ីស្រាអែល និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់។ អ្នកនាំពាក្យរូបនេះដដែលបានបន្ថែមថាការសម្លាប់ជនស៊ីវិលពីសំណាក់អ៊ីស្រាអែល គឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិមួយដែលមិនអាចលើកលែងឱ្យបាន។
គួរបញ្ជាក់ថា អ៊ីស្រាអែលកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដោយអះអាងថាដើម្បីទប់ស្កាត់កុំឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ។ សង្រ្គាមផ្លូវអាកាសរវាង ប្រទេសទាំង២ បានឈានចូលដល់ថ្ងៃទី៧ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ៕