Update៖ ចំនួនអ្នកស្លាប់កើនឡើងឥតឈប់ ដោយសារប្រជាជនប៉ាឡេស្ទីនព្យាយាមទៅយកស្បៀង!

ជនជាតិប៉ាឡេស្ទីនរាប់ពាន់នាក់នៅតំបន់ហ្កាហ្សា ដែលហែកហួរដោយសង្រ្គាម កំពុងបន្តដំណើរដ៏គ្រោះថ្នាក់ ប្រថុយប្រថាន រាប់គឺឡូម៉ែត្រជារៀងរាល់ថ្ងៃ ដើម្បីព្យាយាមស្វែងរកអាហារខ្លះសម្រាប់ក្រុមគ្រួសាររបស់ពួកគេ ដោយសង្ឃឹមថានឹងអាចមានជីវិតត្រឡប់ទៅវិញ។ ក្រុមគ្រូពេទ្យក្នុងតំបន់ហ្កាហ្សា បាននិយាយថា ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈព្យាយាមយកស្បៀងអាហារពីរថយន្តជំនួយ ដែលនាំចូលទៅក្នុងតំបន់ហ៉ំព័ទ្ធនេះដោយអង្គការសហប្រជាជាតិ និងភ្នាក់ងារសង្គ្រោះអន្តរជាតិ។

យោធាអ៊ីស្រាអែលនិយាយថា មានជនសង្ស័យជាច្រើនដើម្បីចូលទៅជិតកងកម្លាំងខ្លួនក្នុងតំបន់ Netzarim ភាគកណ្តាលហ្កាហ្សាស្ទ្រីប ក្នុងលក្ខណៈបង្កគ្រោះថ្នាក់ហើយក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ យោធាបានបើកការបាញ់ប្រហារ និងបាញ់ព្រមានដើម្បីបំបែកហ្វូងប្រជាជន ដែលសម្រុកចូលទៅជិតតំបន់ដែលកងទ័ពកំពុងប្រតិបត្តិការ។
ក្រសួងសុខាភិបាលហ្កាហ្សាអះអាងថា ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ត្រូវសម្លាប់ ដោយសារព្យាយាមចូលទៅទីតាំងរបស់ក្រុមជំនួយថ្មីគាំទ្រដោយអាមេរិក និងអ៊ីស្រាអែល ឈ្មោះថា មូលនិធិមនុស្សធម៌ហ្កាហ្សា GHF ចាប់តាំងពីចុងខែឧសភា។ អាជ្ញាធរហ្កាហ្សា បានសរុបតួលេខអ្នកស្លាប់ចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមនេះបានផ្ទុះឡើងនៅឆ្នាំ២០២៣ ដោយនិយាយថា ការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រមាណជិត ៥៥.៦០០នាក់ ខណៈអ្នកស្រុកស្ទើរតែទាំងអស់ជាង ២លាននាក់ត្រូវរត់ភៀសខ្លួន និងបង្កឱ្យមានវិបត្តិអត់ឃ្លាន៕

Leave a Reply

Your email address will not be published. Required fields are marked *