ក្រុមសកម្មជនថៃ នៅថ្ងៃសុក្រនេះ បានចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យនាយករដ្ឋមន្ត្រី លោកស្រី ផែថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) លាលែងពីតំណែងភ្លាមៗ។
ដោយចោទថាលោកស្រី ធ្វើឲ្យប៉ះពាល់អធិបតេយ្យភាពជាតិ និងប្រឆាំងផលប្រយោជន៍ប្រទេស។
ជាមួយគ្នានេះក្រុមសកម្មជនថៃ ក៏បានប្រកាសពីផែនការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅថ្ងៃទី២៨ ខែមិថុនាខាងមុខ។
ប្រភពពីសារព័ត៌មាន The Nation។
ក្រុមសកម្មជនថៃ ទាមទារបែបនេះក្រោយការបែកធ្លាយខ្សែអាត់សំឡេង ដែលគេអះអាងថា ជាការសន្ទនាឯកជនរវាងលោកស្រីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលក្នុងនោះមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ ត្រូវបានហៅថាជា ភាគីប្រឆាំង។
នៅក្នុងសន្និសីទសារព័ត៌មានទីក្រុងបាងកក សកម្មជន និងជាមេធាវី លោក និតធិថន ឡាំលឿ (Nitithorn Lamlua) ។
បានរិះគន់លោកស្រីនាយករដ្ឋមន្ត្រីថា អសមត្ថភាព និងបានអះអាងថា សកម្មភាពរបស់លោកស្រីអាចរំលោភលើក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងបទល្មើសប្រឆាំងនឹងសន្តិសុខខាងក្រៅរបស់រដ្ឋ ក៏ដូចជាជំពូកទី៥ នៃរដ្ឋធម្មនុញ្ញ ស្ដីពីកាតព្វកិច្ចរបស់រដ្ឋ។
លោក ប៉ាន់ទេព ពួពង្សប៉ាន់ (Panthep Puapongpan) តំណាងអតីតមេដឹកនាំសម្ព័ន្ធប្រជាជនដើម្បីលទ្ធិប្រជាធិបតេយ្យ បានសង្កត់ធ្ងន់ថា ខ្សែអាត់សំឡេងនេះបង្ហាញពីការសហការគ្នារវាងលោកស្រី ផែថុងថាន និងសម្តេច ហ៊ុន សែន ដែលគំរាមកំហែងស្វ័យភាពថៃ ដោយអំពាវនាវឲ្យអ្នកស្នេហាជាតិ រួបរួមបដិសេធជនក្បត់៕