Update៖ អាមេរិក អះអាងថាការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺដើម្បីបញ្ឈប់ការផលិតអាវុធនុយក្លេរអ៊ែរតែប៉ុណ្ណោះ!

នៅថ្ងៃអាទិត្យ(ទី២២ខែមិថុនា) រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ការវាយប្រហាររបស់យោធាអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមែនជាការត្រួសត្រាយផ្លូវសម្រាប់ផែនការផ្លាស់ប្តូររបបនោះទេ ហើយថា សារឯកជនត្រូវបានផ្ញើទៅកាន់ទីក្រុងតេអេរ៉ង់ដើម្បីលើកទឹកចិត្តឲ្យអ៊ីរ៉ង់មានការចរចា។
ប្រភពពីសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា លោក Hegseth បានព្រមានអ៊ីរ៉ង់មិនឲ្យធ្វើតាមការគំរាមកំហែងសងសឹកកន្លងមកប្រឆាំងនឹងអាមេរិកឡើយ ដោយបញ្ជាក់ថាកងកម្លាំងអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន និងចាត់វិធានការបើចាំបាច់។ លោកបានហៅប្រតិបត្តិការនេះថាជាប្រតិបត្តិការជាក់លាក់មួយ ដើម្បីបន្សាបការគំរាមកំហែងដល់ផលប្រយោជន៍ជាតិរបស់យើង ដែលបង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
ឧត្តមសេនីយ៍កំពូលរបស់អាមេរិក លោក Dan Caine បានឲ្យដឹងថាប្រតិបត្តិការនេះមានឈ្មោះថា “Operation Midnight” ហើយបានប្រើប្រាស់គ្រាប់បែកទម្លុះលេនដ្ឋាន ១៤គ្រាប់ មីស៊ីល Tomahawk ជាង ២៤គ្រាប់ និងយន្តហោះយោធាជាង ១២៥គ្រឿង។ លោក Caine បាននិយាយថា ការវាយតម្លៃបឋមបង្ហាញថា ទីតាំងទាំងបីបានរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ លោកក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកបានបង្កើនការការពារកងទ័ពក្នុងតំបន់ ហើយកងកម្លាំងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនពេញលេញដើម្បីឆ្លើយតបចំពោះការសងសឹកណាមួយ៕

Leave a Reply

Your email address will not be published. Required fields are marked *