សម្តេចតេជោ អញ្ជើញចុះសុខទុក្ខនិងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន!

(ឧត្តរមានជ័យ)៖ នៅព្រឹកទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងជាប់ព្រំដែនថៃ។

កងទ័ព និងសព្វាវុធដ៏ទំនើបៗរបស់កម្ពុជា ត្រូវបានចល័តចេញពីបន្ទាយឆ្ពោះមកកាន់ខេត្តជាប់ព្រំដែនថៃទិសខេត្តឧត្តរមានជ័យ និងព្រះវិហារ បន្ទាប់ពីទាហានថៃលបលួចបាញ់ប្រហារទាហានខ្មែរលើដីខ្មែរ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។
ទាំងទាហាន និងសព្វាវុធរបស់កម្ពុជាត្រូវបានត្រៀមបម្រុងជាប់ប្រចាំ ដើម្បីការពារទឹកដីក្នុងករណីមានការឈ្លានពានណាមួយពីកងទ័ពថៃ។

សម្តេចតេជោ ជាអគ្គមេបញ្ជាការកំពូលដែលបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះយោធា ហើយក៏ជាអគ្គមេបញ្ជាការដែលពោរពេញដោយយុទ្ធសាស្ត្រសង្គ្រាមវាយយកឈ្នះលើសមរភូមិសង្គ្រាម និងធ្វើឱ្យទាហានថៃ បាក់ស្បាតអំឡុងឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ចុះមកជួបកងទ័ពនាព្រឹកថ្ងៃនេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់សម្តេចលើសុខទុក្ខរបស់កងទ័ព ហើយក៏ជាការពង្រឹងទឹកចិត្តកងទ័ពឱ្យកាន់តែអង់អាចក្លាហានលើកិច្ចការពារបូរណភាពទឹកដី។

កម្ពុជា ស្រឡាញ់ និងប្រកាន់ខ្ជាប់នូវនយោបាយសន្តិភាព កម្ពុជាធ្លាប់ហែលឆ្លងឆ្អែតឆ្អន់នូវការលំបាកឥតគណនាព្រោះភ្លើងសង្គ្រាម ដូច្នេះកម្ពុជាមិនប្រាថ្នាភ្លើងសង្គ្រាមនោះឡើយ។ នយោបាយសន្តិភាពត្រូវបានមេដឹកនាំកម្ពុជាតែងប្រកាសប្រកាន់យក និងជំរុញឱ្យពិភពលោកប្រកាន់យកជារឿយៗតាមវេទិកាតំបន់ និងអន្តរជាតិ។

ការបញ្ជូនកងទ័ព និងសព្វាវុធ មកកាន់ព្រំដែនទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសក្នុងសំឡេងតែមួយថា មិនមែនជាការត្រៀមបម្រុងនឹងឈ្លានពានប្រទេសណាមួយនោះឡើយ កងទ័ព និងសព្វាវុធទាំងនេះ គឺដើម្បីតែការពារទឹកដីមិនឱ្យមានការឈ្លានពានតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *