ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធីរុក្ខទិវា ៩កក្កដា នៅខេត្តកំពង់ចាម!

(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វ ព្រះរាជ ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី រុក្ខទិវា ៩កក្កដាលើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវាទំហំ ស្ថិតក្នុងភូមិ កសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងពិធីនេះ ក៏មានការអញ្ជើញដង្ហែព្រះករុណាជាអម្ចាស់ជីវិត លើត្បូងពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិកសមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិក សមាជិកាព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល ឯក អគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ថ្នាក់ ដឹកនាំមន្ត្រីរាជការខេត្ត កំពង់ចាម ព្រមទាំងមានការអញ្ជើញចូលរួម ប្រជាពលរដ្ឋ ខេត្តកំពង់ចាមជាច្រើនរូបទៀត។
រុក្ខទិវា ៩កក្កដា ជាមរតក៌កើតចេញពីព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាលពីឆ្នាំ១៩៥២ ដែលព្រះអង្គបានបំផុសចលនា ដាំដើមឈើ ហៅថារុក្ខទិវា នេះឡើង ព្រមទាំងផ្តល់ព្រះរាជបន្ទូលទូន្មានដល់ប្រជារាស្រ្តទូទាំងប្រទេស ឱ្យដាំ និងថែរក្សាព្រៃឈើ តកូនតចៅ ដើម្បីឱ្យអាកាសធាតុមាន ប្រក្រតីភាពជាវិជ្ជមានចំពោះវិស័យកសិកម្ម និងមនុស្សជាតិ។
ស្របតាមព្រះរាជបញ្ញាញាណដ៏ត្រចះត្រចង់នេះ និងដើម្បីបន្តស្នាព្រះហស្ថរបស់ ព្រះ ករុណា ព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើតឡើងវិញនូវពិធីរុក្ខទិវា៩កក្កដានៅឆ្នាំ១៩៩០ និងបានចាប់ផ្តើមប្រារព្ធពិធីនេះឡើងវិញជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក៕

Leave a Reply

Your email address will not be published. Required fields are marked *