ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសអ៊ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃពុធថា មានការបំផ្ទុះគ្រាប់បែកមួយ នៅក្នុងព្រឹត្តិការណ៍នៃការគោរពដល់វិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍អ៊ីរ៉ង់ដ៏លេចធ្លោម្នាក់ ។
ដែលបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២០ ហើយករណីបំផ្ទុះនោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ និង ៤០នាក់ផ្សេងទៀតរងរបួស។
ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានដកស្រង់សម្តីលោកវេជ្ជបណ្ឌិតលោក Mohammad Saberi ប្រធានសេវាសង្គ្រោះបន្ទាន់ Kerman សម្រាប់តួលេខខាងលើនេះ។
ការបំផ្ទុះនោះគឺក្នុងពេលដែលមានការរៀបចំព្រឹត្តិការណ៍មួយដែលប្រារព្ធខួបលើកទីបួននៃការសម្លាប់ឧត្តមសេនីយ៍ Qassim Soleimani ជាប្រធានកងកម្លាំង Quds និងជាវរជនរបស់ឆ្មាំបដិវត្តន៍ ដែលបានស្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងខែមករាឆ្នាំ ២០២០។
ការផ្ទុះខាងលើនេះ បានកើតឡើងនៅជិតកន្លែងផ្នូររបស់គាត់នៅទីក្រុង Kerman ចម្ងាយប្រហែល ៨២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី Tehran ។
យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថា មូលហេតុដែលបណ្តាលឲ្យមានការផ្ទុះនោះទេ។
អាជ្ញាធរបាននិយាយថា មនុស្សមួយចំនួនបានរងរបួស ខណៈពេលរត់គេចចេញពីកន្លែងបំផ្ទុះ។
លោក Soleimani គឺជាស្ថាបត្យករនៃសកម្មភាពយោធាក្នុងតំបន់របស់អ៊ីរ៉ង់ ហើយត្រូវបានគេសរសើរថាជារូបតំណាងជាតិក្នុងចំណោមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់អ៊ីរ៉ង់។
មរណៈភាពរបស់លោកបានធ្វើឲ្យមានការដង្ហែក្បួនគាំទ្រជាច្រើនក្នុងអតីតកាល។
នៅឯពិធីបុណ្យសពរបស់គាត់ក្នុងឆ្នាំ ២០២០ ការរត់ជាន់គ្នាបានផ្ទុះឡើង ហើយយ៉ាងហោចណាស់មនុស្ស ៥៦ នាក់បានស្លាប់ និងជាង ២០០នាក់ បានរងរបួស ខណៈដែលរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងពិធីដង្ហែសព៕