ប៉ូលិសក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនមនុស្ស១២នាក់ ពីបទជួញដូរទារកជាច្រើននាក់ទៅឱ្យអ្នកទិញក្នុងប្រទេសសិង្ហបុរី។
ប្រភពពីសារព័ត៌មាន Straitstimes។
ប៉ូលិសក្នុងខេត្តជ្វាភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី បានក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដាថាសំណុំរឿងមួយត្រូវបានបំបែក ក្រោយឪពុកម្ដាយមួយគូបានប្ដឹងទៅកាន់ ប៉ូលិសអំពីការចាប់ពង្រត់ទារក ដែលនាំទៅរកការចាប់ខ្លួនជនសង្ស័យ១២នាក់ ហើយក្នុងនោះមានម្នាក់បានសារភាពថាពួកគេពិតជាមានបំណងជួញដូរទារក ២៤នាក់។ តាមប៉ូលិសឥណ្ឌូណេស៊ី ក្នុងចំណោមទារក ២៤នាក់ដែលត្រូវបានលក់ ក្នុងនោះមាន១៥នាក់ត្រូវបាននាំទៅកាន់សិង្ហបុរី ខណៈទារក ៦នាក់ត្រូវបានជួយសង្រ្គោះ។
លោក Surawan ជាអគ្គនាយកនៃនាយកដ្ឋានស៊ើបអង្កេតបទព្រហ្មទណ្ឌនៃប៉ូលិសឥណ្ឌូណេស៊ី បានឱ្យដឹងថាជនសង្ស័យបានទិញទារកភាគច្រើនពីម្ដាយឪពុករបស់ពួកគេ ក្នុងខេត្តជា្វភាគខាងលិច។ ពួកជនសង្ស័យត្រូវបានគេចោទថាបាននាំទារកទៅកាន់ទីក្រុង Pontianak នៃកោះ Borneo ហើយក្រោយមកទើបបញ្ជូនទារកទាំងនោះឆ្ពោះទៅកាន់សិង្ហបុរី៕