គណៈកម្មការ បង្ហាញលទ្ធផលបង្ក្រាបបទល្មើស(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស!

(ភ្នំពេញ)៖ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការ(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាព(ឆបោក)តាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប.កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ និងការដាក់បទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។
គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ៖

១-បានចុះធ្វើរដ្ឋបាល និងប្រតិបត្តិការបង្ក្រាបសរុបបាន ២០ទីតាំង (៧ រាជធានី ខេត្តរួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះនិងពោធិ៍សាត់)។

២-ឃាត់ខ្លួនជនសង្ស័យសរុប ១.៣៦២ នាក់ (ស្រី ២២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៣៤៧នាក់(ស្រី ៦៤នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ២២៦នាក់(ស្រី ២៣នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) តៃវ៉ាន់ ៣៧នាក់ និងជនជាតិផ្សេងៗទៀត រួមមាន ថៃ បង់ក្លាដេស និងមីយ៉ាន់ម៉ាជាដើម។

៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។
ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។

ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *