(ភ្នំពេញ)៖ ពលរដ្ឋក្នុងខេត្តឧត្ដរមានជ័យ ចំនួន២នាក់ហើយបានស្លាប់ ដោយសារការវាយប្រហាររបស់ទ័ពថៃ។
នេះបើយោងតាមការបញ្ជាក់ ពីលោក ម៉េត មាសភក្ដី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តឧត្ដរមានជ័យ នៅយប់ទី២៦.០៧.២០២៥។
លោក ម៉េត មាសភក្ដី បានលើកឡើងថា”ខ្ញុំពិតជាមានការក្តុកក្តួលជាខ្លាំងក្នុងការប្រកាសថា ៣ថ្ងៃកន្លងមកនេះ នៅភូមិសាស្រ្តខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ២នាក់ បានបាត់បង់ជីវិត និង ៥នាក់ទៀត ដែលមានទាំងមនុស្សចាស់ ស្ត្រី និងកុមារបានរងរបួស។
ដោយសារគ្រាប់ផ្លោងរបស់កងទ័ពថៃឈ្លានពានមកលើកម្ពុជា
សូមនាំគ្នាបង្ហាញការពិតទៅដល់ពិភពលោកឱ្យបានឃើញពីទង្វើអាក្រក់របស់ទាហានថៃ”។
ដោយឡែក អភិបាលខេត្តសុរិន្ទ នៃប្រទេសថៃ ក៏បានព្រមានពលរដ្ឋខ្លួនឱ្យប្រុងប្រយ័ត្ន និងចាកចេញពីតំបន់ព្រំដែនថៃ-កម្ពុជា ក្នុងចម្ងាយ១២០គីឡូម៉ែត្រ។
ប្រភពពីកាសែត The Nation នៅយប់ទី២៦.០៧.២០២៥។
កាលពីវេលាម៉ោងជាង៥ទៀបភ្លឺថ្ងៃទី២៦.០៧.២០២៥ ទាហានឈ្លានពានសៀម បានបង្កហេតុដោយបាញ់ចំនួន៥គ្រាប់ ចូលខេត្តពោធិ៍សាត់ ហើយស្ងាត់មួយសន្ទុះ តែនៅវេលាម៉ោងជិត៨ ពួកគេបានចាប់ផ្តើមបាញ់មកទៀត នៅពេលនេះកងទ័ពកម្ពុជា ស្ថិតនៅក្នុងត្រៀមវាយបកទៅវិញ។
ជម្លោះព្រំដែនកម្ពុជា.ថៃ.បានកើតឡើងកាលពីព្រឹកទី២៤.០៧.២០២៥ ធ្វើឱ្យទាហានកម្ពុជាស្លាប់៥នាក់ របួស២១នាក់.ពលរដ្ឋស្លាប់៨នាក់ និងរបួស៥០នាក់៕