(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ មានប្រសាសន៍ថា កិច្ចប្រជុំGBCនេះ បានដំណើរការទៅដោយរលូនតាមកម្មវិធី បរិយាកាសនៃការពិភាក្សាប្រកបដោយការស្ថាបនា និងវិជ្ជមាន នាំមកនូវផ្លែផ្កាជាទីគាប់ចិត្ត និងឈានដល់ការសម្រេចបាននូវការឯកភាពគ្នារបស់ភាគីទាំងពីរ លើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត ជាជំហានដែលភាគីទាំងពីរត្រូវធ្វើ ដើម្បីឈានដល់ការរក្សាបានបទឈប់បាញ់ ដែលជាការត្រួសត្រាយផ្លូវដល់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី ការស្តារឡើងវិញនូវប្រក្រតីភាព ជាមួយនឹងគោលដៅនាំមកវិញនូវសន្តិភាព ស្ថិរភាព កិច្ចសហប្រត្តិការ និងការអភិវឌ្ឍ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រៅពីប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ប្រទេសម៉ាឡេស៊ីក៏បានដឹកនាំ និងសម្របសម្រួល កិច្ចពិភាក្សាអំពីការរៀបចំលក្ខខណ្ឌយោង (TOR) សម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ASEAN Observer Team) ដែលក្នុងនោះក៏មានការចូលរួមពីភាគីកម្ពុជានិងថៃ ក្នុងគោលដៅរៀបចំឱ្យបានឆាប់រហ័សបំផុត និងដាក់ឱ្យអនុវត្តនូវយន្តការតាមដានត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នេះ។ ជាមួយគ្នានោះ កម្ពុជាក៏បានស្នើសុំឲ្យមានការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលស្ថិតនៅក្រោមការឃុំគ្រងរបស់កងទ័ពថៃឲ្យបានឆាប់រហ័សផងដែរ។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទបានគូសបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា យើងនឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕