កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា លោក Dmitry Polyanskiy អគ្គរដ្ឋទូតរងរបស់រុស្ស៊ី ប្រចាំអង្គការសហប្រជាជាតិ បាននិយាយថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អាចនឹងជួបជាមួយលោកប្រធានាធិបតីអាមេរិក លោកDonald Trump នៅសប្តាហ៍ក្រោយនេះហើយ ប៉ុន្តែថា លោកមិនបានដឹងអំពីជំនួបគ្រោងទុករវាងលោក Putin និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelenskiy នោះទេ។
លោក Polyanskiy បាននិយាយថា តាមលោកបានដឹងឮគឺមានទីតាំងជំនួបមួយចំនួនមានការយល់ព្រមហើយតែមិនចង់បញ្ចេញ ចំណែកពេលវេលាគឺគិតថានៅសប្តាហ៍ក្រោយ។ មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមថាលោកមិនបានដឹងអ្វីឡើយពីកិច្ចប្រជុំណាមួយដែលបានគ្រោងទុកជាមួយលោកប្រធានាធិបតី Zelenskiy នោះទេ។
វិមានក្រឹមឡាំងក៏បាននិយាយនៅថ្ងៃព្រហស្បតិ៍ដដែលនោះថា មេដឹកនាំរុស្ស៊ី និងសមភាគីអាមេរិក បានយល់ព្រមជួបគ្នានៅសប្តាហ៍ក្រោយ។ លោក Putin បង្ហើបថា អេមីរ៉ាតអារ៉ាប់រួមអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរបស់លោកជាមួយលោក Trump ប្រហែលលឿនបំផុតនៅសប្តាហ៍ក្រោយនេះ៕