(ភ្នំពេញ)៖ ស្ពានខ្សែកាបឆ្លងពីកោះនរាទៅកោះពេជ្រ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ។
នេះបើយោង តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ស្ពាននេះស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលពិធីសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងបញ្ចៀសនូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ស្ពានខ្សែកាបនេះ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីម៉ោង២៤យប់ចូលថ្ងៃទី១៥ ខែវិច្ឆិការហូតដល់បញ្ចប់កម្មវិធី។
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសជម្រាបជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាយោគយល់ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ផុតកម្មវិធីនឹងបើកឱ្យចរាចរណ៍ឡើងវិញ។
គួរបញ្ជាក់ថាៈ ស្ពានខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប៨២៤ម ទទឹង២៤,៥មជាស្ពានចរាចរណ៍ទ្វេរទិស។
មានគន្លងសម្រាប់រថយន្តចំនួន២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង៣,២៥ម និងមានគន្លង សម្រាប់ទោចក្រយានយន្ត១ទៅ និងគន្លង១មកមានទទឹង១,២៥ម សងខាង។
ការសាងសង់ស្ពាននេះ ចំណាយថវិកាចំនួន៣៨.០០០.០០០ដុល្លារ រយៈពេលសាងសង់ ៣៥ខែ គិតពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០។
ស្ពាននេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC៕