អ៊ីស្រាអែល សម្លាប់មេបញ្ជាការជាន់ខ្ពស់ របស់ក្រុមហេសបូឡា នៅប្រទេសលីបង់!

ប្រភពសន្តិសុខចំនួន៣ បានឱ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល លើភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃចន្ទ (ទី០៨ មករា) បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់ នៅក្នុងកងកម្លាំង Radwan របស់ក្រុមហេសបូឡា។

សន្តិសុខបាន កំណត់អត្តសញ្ញាណមេបញ្ជាការជាន់ខ្ពស់នោះ ថាជា លោក Wissam Al-Taweel ដែលអនុប្រធានអង្គភាពមួយនៅក្នុងកងកម្លាំង Radwan។

ពួកគេបាននិយាយថា គាត់និងអ្នកប្រយុទ្ធហេសបូឡា ម្នាក់ទៀតក៏បានស្លាប់ផងដែរ នៅពេលដែលរថយន្តរបស់ពួកគេត្រូវបានវាយប្រហារ នៅក្នុងការវាយឆ្មក់លើភូមិ Majdal Salam ប្រទេសលីបង់។

ប្រភព​សន្តិសុខ​ម្នាក់​បាន​និយាយ​ថា​ «​នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ឈឺចាប់​មួយ​»។ ម្នាក់​ទៀត​បាន​និយាយ​ថា​ ​អ្វីៗ​នឹង​ឡើង​កម្ដៅ​ឥឡូវ​នេះ។
គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ បានសម្លាប់យុទ្ធជនហេសបូឡាជាង ១៣០នាក់មកហើយ ចាប់តាំងពីការចាប់ផ្តើមនៃការទម្លាក់គ្រាប់បែកឆ្លងព្រំដែន បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ នៅលើទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។

ចំណែក ១៩​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​ក្នុង​ប្រទេស​ស៊ីរី​។
អគ្គលេខាធិការក្រុមហេសបូឡា លោក Hassan Nasrallah បានព្រមានអ៊ីស្រាអែល នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ចំនួនពីរលើកកាលពីសប្តាហ៍មុន ប្រឆាំងនឹងការចាប់ផ្តើមសង្រ្គាមទ្រង់ទ្រាយធំលើប្រទេសលីបង់។
លោក Nasrallah បាននិយាយដូច្នេះថា អ្នកណាដែលគិតអំពីសង្រ្គាមជាមួយពួកយើង នឹងស្តាយក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *