(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹក ថ្ងៃទី៩ ខែមករា ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន១.៦៩១នាក់ ក្នុងនោះសិស្ស១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង ២០ តុលា ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ក្នុងឱកាសនោះ សម្តេចធិបតី បានមានប្រសាសន៍ លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡង មិនបានលទ្ធផលល្អ សូមកុំបោះបង់ចោល គប្បីខិតខំប្រឹងប្រែងបន្តទៅមុខទៀត ខណៈផ្លូវនៅមានវែងឆ្ងាយសម្រាប់ក្មួយៗទាំងអស់គ្នា។
សម្តេចធិបតី បានថ្លែងថា ខណៈក្មួយៗបានប្រឡងជាប់រហូតដល់ ទទួលបានលទ្ធផលល្អនាពេលនេះ គឺកើតចេញពីការលះបង់យ៉ាងធំធេងពីឪពុកម្តាយ និងអាណាព្យាបាល របស់ក្មួយៗ ដូច្នេះក្មួយៗទាំងអស់គប្បីខិតខំបន្តទៀតសម្រាប់តបស្នងសងគុណដល់ពួកគាត់ដែលជាអាណាព្យាលបាលរបស់ពួកយើងទាំងអស់គ្នា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា តាមរយៈការធ្វើកំណែទម្រង់ និងកម្រិតសិក្សា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ក៏ដូចជានាពេលនេះ របស់ក្រសួងអប់រំ គឺបានធ្វើឲ្យបេក្ខជនប្រឡងមានមោទកភាពយ៉ាងច្រើន ខណៈអ្នកធ្លាក់គឺធ្លាក់ដោយអស់ចិត្តផងដែរ។
សម្តេចធិបតី ថ្លែងថា ការកសាងមូលធនមនុស្សគឺជាកត្តាចម្បង និងចាំបាច់បំផុត ខណៈមូលធនមនុស្សនេះ គឺជាមុំទី១ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។
សម្តេចធិបតី ថ្លែងថា ទស្សនៈ វប្បធម៌ និងមូលដ្ឋាននៃភាពជោគជ័យ ការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់ការយកមកអនុវត្តនៅក្នុងសង្គម ពីព្រោះការប្រឡងនោះបានដំណើរការទៅដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគុណាធិបតេយ្យ ដែលស្ថាប័នផ្សេងៗគួរយកធ្វើជាគំរូ។
សម្តេចធិបតី ចតុស្តម្ភទាំងបួនសំខាន់ៗ សម្រាប់ការអប់រំ គឺដើម្បីចេះដឹងដោយគ្រប់ជ្រុងជ្រោយច្បាស់លាស់ ដើម្បីមានចំណេះធ្វើ ដើម្បីជាពលរដ្ឋល្អ និងដើម្បីរស់នៅក្នុងសង្គមប្រកបដោយសុខដុមរមនាជាដើម។
សម្តេចធិបតី វប្បធម៌ដែលបង្កើតឡើងនៅក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមកនេះ បានផ្លាស់ប្ដូរវប្បធម៌អន្តរាគមន៍របស់ឪពុកម្ដាយ អាណាព្យាបាល មករួមគ្នាខិតខំជំរុញឱ្យកូន និងសិស្ស ធ្វើការប្រឡងដោយយុត្តិធម៌ និងការទទួលខុសត្រូវរៀងៗខ្លួន និងជំនួសនូវមនោសញ្ចេតនាជាលក្ខណចង្អៀត និងធំទូលាយ។
សម្តេចធិបតី ឱ្យតែដល់ពេលប្រឡង ខ្ញុំឃើញមានសារនេះ សារនោះផ្ញើមកជាច្រើនតាមតេឡេក្រាម ប៉ុន្ដែខ្ញុំបានជូនពរទៅវិញឱ្យខិតខំរៀន និងឱ្យប្រឡងជាប់»។
សម្តេចធិបតី ពិនិត្យមើលឃើញកត្តាគន្លឹះ ៤ ធំៗ នៅក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យក្នុងការប្រឡងបាក់ឌុបនាពេលកន្លងមក។ ក្នុងនោះមាន ទី១ ត្រូវមានចក្ខុវិស័យវែងឆ្ងាយឈរលើមូលដ្ឋានច្បាស់លាស់ ផ្អែកលើផលប្រយោជន៍ជាតិ និងប្រជាជន។
ទី២ ការប្ដេជ្ញាចិត្តខ្ពស់របស់គ្រប់តួអង្គអនុវត្តជាពិសេសថ្នាក់ដឹកនាំដែលមានឆន្ទះខ្ពស់។ ទី៣ ចូលរួមពីគ្រប់ភាគីទាំងអស់ ជាពិសេសពីប្រជាជន។ ទី៤ ការលះបង់ដើម្បីផលប្រយោជន៍រួម។
សម្តេចធិបតី បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុន មានយុទ្ធសាស្រ្ដចតុកោណរហូតដល់អាណត្តិនេះយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ គឺមានស្នូលមួយនៃការពង្រឹងប្រទេសជាតិ គឺ «អភិបាលកិច្ច» ដែលជាធាតុផ្សំមួយសំខាន់ណាស់។
សម្តេចធិបតី ថ្លែងថាកាលពីម្សិលមិញ សម្ដេចបានចារឯកភាពឱ្យក្រសួង ស្ថាប័នចំនួន៥ ជ្រើសរើសមន្រ្ដីបន្ថែម តាមរយៈការប្រឡង។ ការអនុវត្តនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់មន្រ្ដីរាជការ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សិស្សនិទ្ទេស A ទាំងអស់បន្តសិស្សានៅគ្រឹះស្ថានឧត្តមសិក្សាតាមជំនាញដែលខ្លួនជ្រើសរើស ដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងសង្គមជាតិ ហើយចូលរួមអភិឌ្ឍន៍ប្រទេសជាតិ។
សម្តេចធិបតី ជំនាញណាក៏ល្អដែរ ប៉ុន្ដែត្រូវរៀនជំនាញណាមួយឱ្យប្រាកដ នោះយើងអាចអភិវឌ្ឍន៍ខ្លួនឯងបានហើយ។
សម្តេចធិបតី លើកទឹកចិត្តដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តស្វែងរក និងបង្កើនការស្វែងរកអាហារូបករណ៍នៅក្រៅប្រទេសសម្រាប់សិស្សប្រឡងចេញទៅសិស្សានៅក្រៅប្រទេសបន្ថែមទៀត។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់បណ្ដាសាកលវិទ្យាល័យនានាផងដែរ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សប្រឡងបាក់ឌុបឆ្នាំនេះ ជាពិសេសដល់សិស្សនិទ្ទេស A៕