កាលពីថ្ងៃអាទិត្យទី៣១ខែសីហា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានបញ្ជាក់ថា គោលនយោបាយរបស់រដ្ឋាភិបាលប៉ាគីស្ថានមានការស្របតាមទស្សនវិស័យ និងទស្សនវិជ្ជារបស់ប្រធានាធិបតីចិន លោក Xi Jinping ដែលផ្តោតលើការបំបាត់អំពើពុករលួយ និងភាពក្រីក្រនៅក្នុងតំបន់។
ប្រភពពីសារព័ត៌មានAnadolu។
ក្នុងសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់គាត់នៅទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា លោក Sharif បានធ្វើការលើកឡើងចំពោះនិស្សិត និងសាស្ត្រាចារ្យសាកលវិទ្យាល័យ Tianjin រួមទាំងនិស្សិតប៉ាគីស្ថាន នៅមុនពេលមានកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO)។
ដំណើរទស្សនកិច្ចនេះ ក៏ជាការចាប់ផ្តើមជាផ្លូវការនៃដំណាក់កាលទីពីរ នៃគម្រោង ច្រករបៀងសេដ្ឋកិច្ចចិន–ប៉ាគីស្ថាន (CPEC-II) បន្ទាប់ពីពន្យារពេលជាង ៥ ឆ្នាំ។ ដំណាក់កាលថ្មីនេះ នឹងផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការបង្កើនវិនិយោគ។
បន្ថែមពីនេះ កាលពីខែឧសភា ចិន ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ក៏បានព្រមព្រៀងពង្រីក CPEC ទៅក្នុងអាហ្វហ្គានីស្ថានផងដែរ។
ទោះជាយ៉ាងណា គម្រោងធំមហិមានេះក៏កំពុងប្រឈមមុខបញ្ហាសន្តិសុខ ដោយសព្វថ្ងៃ នៅខេត្ត Balochistan ភាគនិរតី ក្រុមសកម្មប្រយុទ្ធ Baloch ត្រូវបានសង្ស័យថាបានវាយប្រហារលើកម្មករចិនជាច្រើនដងក្នុងរយៈពេលចុងក្រោយ៕