(ភ្នំពេញ)៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។
គឺមន្ត្រីនគរបាលជិត៤០នាក់ ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ខនគរបាលជាតិ តាមយុទ្ធនាការ“សម្អាតផ្ទះយើង” ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា មន្ត្រីនគរបាលដែលត្រូវបណ្តេញចេញពីគ្របខ័ណ្ឌនគរបាលជាតិ ក្នុងអាណត្តិថ្មីមកដល់ពេលនេះ មានចំនួនជិត៤០នាក់ហើយ។
តាមការប្រកាសដកតួនាទីនគរបាល ឯកឧត្តមឧបកនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញជាផ្លូវការ ។
គឺមន្ត្រីដែលប្រឈមមុខនឹងការដក និងបណ្តេញចេញពីក្របខ័ណ្ឌចាប់ពីថ្នាក់នាយរងការរិយាល័យចុះមកក្រោម។
ប៉ុន្តែនឹងមានការដកតួនាទីមន្ត្រីនគរបាលថ្នាក់ផ្សេងនៅពេលខាងមុខទៀត។បើយើងរកឃើញមន្ត្រីនគរបាលរូបណា បានធ្វើខុសដល់កម្រិតបណ្តេញចេញ ហើយមានតួនាទីខ្ពស់ជាងហ្នឹង គឺជារឿងមួយទៀត។
ករណីដកស័ក្តិចំពោះមន្ត្រីនគរបាល ឬការផ្ទេរភារកិច្ចវិញ ដោយសារគាត់មានកំហុស ហើយចំពោះប្រាក់ខែរបស់មន្ត្រីនគរបាល ដែលដកស័ក្តិឬតួនាទីនោះ ត្រូវបានដកដែរ។
សូមបញ្ជាក់ថា ជាគោលការណ៍ កាលណាដកតំណែង ឬបន្ថយឋារន្តស័ក្តិប្រាក់បៀវត្សរ៍ក៏បន្ថយតាមហ្នឹងដូចគ្នា។ប្រាក់បៀវត្សរ៍គេគិតឋានន្តរស័ក្តិ ហើយគិតតាមដំណែងឬក៏តួនាទី ។
លោកទូច សុឃៈ បានបន្តថា ក្នុងនោះមន្ត្រីដែលដកស័ក្តិភាគច្រើន ត្រូវបានរកឃើញថា ធ្វើការងារខុសជំនាញក្នុងសំណុំរឿង។ធ្វើការងារដោយមិនមែនការគោរពតាមឋានានុក្រម។
មានន័យថា មិនមែនធ្វើតាមបទបញ្ជាទេ គឺធ្វើតាមចិត្តឯង និងមិនមានការធ្វើរបាយការណ៍ ទៅកាន់ថ្នាក់លើរបស់ខ្លួន ពាក់ព័ន្ធនឹងសន្តិសុខជាតិ ដែលមិនអាចអន់ឱនឱ្យបាន៕