(ភ្នំពេញ)៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នារសៀលថ្ងៃពុធទី៣ខែកញ្ញា បានឆ្លើយតបទៅចំពោះបញ្ហាគណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្ត ចូលបម្រើកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដែលបានចេញសេចក្តីជូនដំណឹងដល់សាធារណៈជនបានជ្រាបអំពីសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចអនុញ្ញាតឱ្យក្រសួងការពារជាតិ ធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក។
លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានអះអាងថា៖ «ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ គឺធ្វើឡើងជាប្រចាំតាមផែនការ ដើម្បីជំនួសឱ្យទាហានដែលត្រូវចូលនិវត្តន៍។ ក្នុងនោះផងដែរ សម្រាប់ការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌ យើងមិនមែនធ្វើការជ្រើសរើសតែក្នុងក្របខណ្ឌកងទ័ពជើងគោកប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងក្របខ័ណ្ឌកងទ័ពជើងទឹក និងកងទ័ពជើងអាកាស ក៏មានជ្រើសរើសបន្ថែមទ័ពថ្មីដូចគ្នា ទៅតាមផែនការឆ្នាំ២០២៥-២០២៦ នេះផងដែរ»៕