ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៦នាក់ស្លាប់ និងជាច្រើនទៀតត្រូវបានជម្លៀសចេញ។
ប្រភពពីសារព័ត៌មានCNAនៅថ្ងៃទី១០ខែកញ្ញា។
លោក I Nyoman Sidakarya ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះកោះបាលី បានប្រាប់ថា ភ្លៀងចាប់ពីល្ងាចថ្ងៃអង្គារ ដល់ព្រឹកថ្ងៃពុធ បានធ្វើឲ្យអគារពីរនៅទីក្រុង Denpasar រលំបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់។ ខណៈដែលក្នុងតំបន់ Jembrana ក៏មានអ្នកស្លាប់បន្ថែម២នាក់និងប្រជាពលរដ្ឋ ៨៥នាក់ត្រូវបានជម្លៀសចេញ។
ប្រធានទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ Suharyanto បានប្រាប់សារព័ត៌មានថា ទឹកជំនន់នៅបាលីនៅតែបន្តវាយប្រហារនៅថ្ងៃពុធ។ អ្នកជួយសង្គ្រោះប្រមាណ ២០០ នាក់ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ ដើម្បីជួយសង្គ្រោះ និងស្វែងរកជនជាប់គាំង។
ផ្ទះ និងអគារជាច្រើនត្រូវបានខូចខាត ខណៈការចូលទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ត្រូវបានកំណត់ ដោយមានតែរថយន្តដឹកទំនិញប៉ុណ្ណោះអាចធ្វើដំណើរឆ្លងកាត់ផ្លូវបាន។
វីដេអូផ្សព្វផ្សាយលើបណ្តាញសង្គមបង្ហាញពីផ្លូវធំជាច្រើនជាប់ទឹក និងការបិទចរាចរណ៍ទាំងស្រុង ប៉ុន្តែមិនទាន់អាចផ្ទៀងផ្ទាត់បានដោយឯករាជ្យ។
ក្រៅពីកោះបាលី ភ្លៀងធ្លាក់ខ្លាំងក៏បាននាំឲ្យទឹកជំនន់នៅតំបន់ East Nusa Tenggara ផងដែរ ដែលមានមនុស្ស ៤នាក់ស្លាប់បន្ថែម។
អាជ្ញាធរបានព្រមានប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នបន្ថែម ព្រោះអាកាសធាតុអាចនៅតែបន្តឆក់ឆៅក្នុងពេលខាងមុខ៕