Breaking៖ រឿងបិទបើកទ្វារទឹក ជន់លិចស្រូវរាប់រយហិកតា កសិករនៅស្រុកកំចាយមារ លើកគ្នាមកសាលាខេត្តព្រៃវែង!

(ព្រៃវែង)៖ ប្រជាកសិករជាច្រើនគ្រួសារនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានកើតទុក្ខមិនសុខចិត្ត និងខឹងសម្បារជាខ្លាំងទៅលើលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង។
ដោយពួកគាត់អះអាងថា លោកប្រធានមន្ទីររូបនេះ មានចេតនា.អាក្រក់ដោយបើកបង្ហូរទឹក ពី”បឹងកំពិត”ធ្លាក់ចូលប្រឡាយចិន ក្នុងធារាសាស្ត្រឃុំត្របែក ស្រុកកំចាយមារ ឆ្លងកាត់ឃុំព្រាល ស្រុកកញ្ជ្រៀច និងឃុំស្មោងខាងជើង ស្រុកកំចាយមារ..!។

ដោយបញ្ចូលក្នុងតាមប្រព័ន្ធធារាសាស្ត្រ ភូមិតាដុក.ទម្លាក់ចូល”ស្ទឹងជោ”ជាបន្តបន្ទាប់។
រួចលោកប្រធានមន្ទីរ ប្រាប់មន្ត្រីជំនាញ ឱ្យបិទទ្វារ”ទឹកទំនប់បក់ពរ”ក្នុងភូមិបក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលជាទីតាំងចុងក្រោយ បណ្ដាលឱ្យទឹកស្ទះ ចាល់ឡើងជន់លិចខូចស្រូវពួកគាត់ រាប់រយហិកតា។

-ករណីនេះត្រូវលោក ឃុន សាខឿន បដិសេធចោលដោយថា គ្មានការជន់លិចស្រូវនោះឡើយ។

ជុំវិញរឿងនេះ កាលពីព្រឹកទី១២.០៩.២០២៥ ពលរដ្ឋនៅស្រុកកំចាយមារ បានលើកគ្នាមកកាន់សាលាខេត្តព្រៃវែង ដោយបង្ហាញពីទុក្ខកង្វល់របស់ពួកគាត់ និងស្នើសុំឱ្យឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ជួយអន្តរាគមន៍បើក”ទ្វារទឹកទំនប់បក់ពរ”ដើម្បីសង្គ្រោះស្រូវពួកខ្លួន។

ដោយផ្អែកថា ទឹកធ្លាក់ពីលើទៅខ្លាំងមកទល់ហ្នឹង”ទ្វារទឹកទំនប់បក់ពរ”ក្នុងភូមិសាស្ត្រស្រុករមាសហែក ខេត្តស្វាយរៀង ធ្វើឱ្យចាល់លិចស្រូវជាច្រើនគ្រួសារ..!។
ស្របពេលដែល អ្នកកាន់កាប់”ទ្វារទឹកទំនប់បក់ពរ”ក៏ដូចជាលោកប្រធានមន្ទីរធនធានទឹក ខេត្តស្វាយរៀង ផ្ទាល់។
មិនហ៊ានបើកទ្វារទឹក ចំនួន៣ទៀតតាមសំណើពលរដ្ឋនោះទេ! ដោយជាក់ស្ដែងបើកបង្ហូរចំនួន២ទ្វារទឹក និងបិទចំនួន៣ ខណៈ(ទ្វារទឹកទំនប់បក់ពរ)សរុបទាំងអស់ចំនួន៥ទ្វារ..!!។

បើតាមពលរដ្ឋ ក្នុងពេលដែលទឹកជន់លិចស្រូវបែបនេះ ពួកគាត់ ក៏ស្នើសុំទៅលោកប្រធានមន្ទីរធនធានទឹក ខេត្តស្វាយរៀង ឱ្យបើកទ្វារទឹកបន្ថែមទៀតដើម្បីសង្គ្រោះស្រូវ។
ប៉ុន្តែលោកប្រធានមន្ទីរ ធនធានទឹក ស្វាយរៀង បានប្រាប់ត្រឡប់មកវិញថា ខ្លួនមិនហ៊ាន បើកបង្ហូរទឹកលើសពីហ្នឹងទេ ។
ព្រោះថ្មីៗនេះលោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង ដែលទទួលបន្ទុកធារាសាស្ត្រខាងលើ បានព្រមានមិនឱ្យបើកទ្វារទឹកបន្ថែមនោះឡើយ.!!។

ឆ្លើយតបនិងការអះអាងនេះដែរ លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង បានថ្លែងថារាល់ទ្វារទឹកនានា គឺត្រូវបានបើកបង្ហូរយូរហើយ..!។
ក្នុងនោះ លោកប្រធានមន្ទីរ ក៏បានបដិសេធថា ខ្លួនពុំបានហាមឃាត់ ចំពោះការបើកបង្ហូរទឹកនៃ”ទំនប់បក់ពរ”ក្នុងភូមិបក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក.នោះឡើយ ព្រោះជាដែនសមត្ថកិច្ចខាងស្វាយរៀង។
លោក ឃុន សាខឿន បញ្ជាក់ថា ពុំមានការលិចស្រូវកសិករ ដូចដែលពលរដ្ឋអះអាងនោះទេ..!!។

រីឯលោក ប៊ិន ជីវ័ន្ដអភិបាលស្រុកកំចាយមារ បានថ្លែងប្រាប់”ដើមរាំង”នៅព្រឹកទី១៣.០៩.២០២៥ថា ពិតជាមានស្រូវរបស់កសិករយើង លិចលង់ក្នុងទឹកប្រាកដមែន.!។
ពោលគឺនៅព្រឹកនេះ ឯកឧត្ដមអភិបាលខេត្តព្រៃវែង កំពុងចុះពិនិត្យជាក់ស្ដែង។
ចំពោះទំហំនៃការខូចខាត ប៉ុន្មានហិកតានោះ គឺលោកពុំទាន់ច្បាស់ទេ ខណៈអាជ្ញាធរឃុំ កំពុងស្រង់ស្ថិតិ។

លោក ប៊ិន ជីវ័ន្ត បន្តថា រហូតមកទល់នឹងពេលនេះ យើងបានដោះស្រាយ ធ្វើឱ្យស្ថានភាពកំពស់ទឹក ធ្លាក់ចុះជាងមុន!។
-ចំពោះសំណួរថា តើហេតុអ្វីបានជាគេមិនបើកទ្វារ”ទំនប់បក់ពរ”ឱ្យច្រើនដើម្បីសង្គ្រោះស្រូវ..?។
-ត្រង់ចំណុចនេះលោក ប៊ិន ជីវ័ន្ត អះអាងថា”ទំនប់បក់ពរ”ស្ថិតក្នុងខេត្តស្វាយរៀង.ហេតុនេះលោកមិនដឹងទេ គ្រាន់តែលោកដឹងថា ទ្វារទឹកនីមួយៗគេមានកម្រិត នៃការបើកបង្ហូរ…!។

-ដោយឡែកឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានប្រាប់ពលរដ្ឋថា លោកបានបញ្ជាឱ្យ បើកទ្វារទឹកយូរហើយ.ហេតុអ្វីមិនបើក?.ហើយបើបើកទ្វារទឹកមែន.ហេតុអ្វី ក៏ពលរដ្ឋលើកគ្នាមកសាលាខេត្ត!។
បើតាមឯកឧត្ដម សួន សុម៉ាលីន ចរន្តទឹកនិងទ្វារទឹកនេះ គឺពាក់ព័ន្ធធារាសាស្ត្រ ជាមួយខេត្តស្វាយរៀងទៀត។

ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋជាង១០០នាក់ នៅស្រុកកំចាយមារ បាននាំគ្នាផ្ដិតមេដៃ អះអាងថា ខ្លួនកំពុងរងគ្រោះដោយសារ ទឹកជន់លិចស្រូវខ្លាំងនៅភូមិត្រពាំងទឹម.ភូមិត្រពាំងសេះ.ភូមិអណ្ដូងសាលា ឃុំព្រាល ស្រុកកញ្ជ្រៀច និងភូមិធ្នង់លិច.ភូមិធ្នង់កើត.ភូមិទៀនភ្លើង.ភូមិថ្នល់កែង ឃុំស្មោងជើង ស្រុកកំចាយមារ.សរុបរាប់រយហិកតា។
ទន្ទឹមនិងនោះ ពួកគាត់សុំស្នើយ៉ាងទទូចដល់ឯកឧត្តម ថោ ជេដ្ឋារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តា ជួយអន្តរាគមន៍ បើកទ្វារទឹកនៅ”ទំនប់បក់ពរ”ក្នុងភូមិបក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក បន្ថែមទៀត ដើម្បីសង្គ្រោះស្រូវពួកគាត់ ដោយក្ដីអនុគ្រោះ៕

Leave a Reply

Your email address will not be published. Required fields are marked *