Breaking៖ UN ចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សា!

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ អ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ (UN) បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ ហ្គាហ្សា ដោយមានគោលបំណងបំផ្លាញប្រជាជនប៉ាឡេស្ទីន។
ប្រភពពីសារព័ត៌មាន The National។

គណៈកម្មាធិការស៊ើបអង្កេតអន្តរជាតិឯករាជ្យ (COI) បានប្រកាសក្នុងរបាយការណ៍ថ្មីថា អាជ្ញាធរ និងកងកម្លាំងអ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ចំនួន ៤ ក្នុងចំណោម ៥ ប្រភេទដែលបានចែងក្នុងអនុសញ្ញាប្រល័យពូជសាសន៍ ឆ្នាំ ១៩៤៨។ ប្រធានគណៈកម្មការ Navi Pillay បាននិយាយថា “អំពើប្រល័យពូជសាសន៍កំពុងកើតឡើងនៅហ្គាហ្សា ហើយកំពុងបន្តកើតឡើង។ ទំនួលខុសត្រូវស្ថិតលើរដ្ឋអ៊ីស្រាអែល”។

តាមរបាយការណ៍នេះ មនុស្សជាង ៦៥,០០០ នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីសង្គ្រាមផ្ទុះឡើងក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ តុលា ឆ្នាំ ២០២៣។ អង្គការសហប្រជាជាតិបានបញ្ជាក់ថា តួលេខពីក្រសួងសុខាភិបាលហ្គាហ្សា អាចទុកចិត្តបាន។ ភាគច្រើននៃប្រជាជន Gazans ត្រូវបានផ្លាស់ទីលំនៅយ៉ាងហោចណាស់ម្តង ខណៈដែលអ៊ីស្រាអែលបន្តដណ្តើមកាន់កាប់ទីក្រុង Gaza ទៅវិញ។

នៅពេលដដែល កងទ័ពអ៊ីស្រាអែលបានប្រកាសថា ទីក្រុង Gaza ក្លាយជាតំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់ ហើយបានអំពាវនាវឲ្យប្រជាជនចាកចេញតាមផ្លូវ Rashid ទៅភាគខាងត្បូង។ អ្នកនាំពាក្យ Avichay Adraee បាននិយាយថា ជាង ៤០% នៃអ្នករស់នៅក្នុងទីក្រុងបានផ្លាស់ចេញរួចហើយ។

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បានប្រកាសថា “ហ្គាហ្សាកំពុងឆេះ” បន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងពេញមួយយប់។ ខណៈពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានព្រមានថា ពេលវេលាសម្រាប់កិច្ចព្រមព្រៀងសន្តិភាព “គឺមានតិចតួចណាស់” ហើយប្រហែលជាមានតែ “ថ្ងៃឬសប្តាហ៍” ប៉ុណ្ណោះ។

អ្នកស្រុកហ្គាហ្សាច្រើនបានរាយការណ៍ពីការវាយប្រហារដ៏ធំលើផ្ទះភូមិ និងតំបន់ជិតមន្ទីរពេទ្យ Al Shifa។ Radwan Hayder អ្នករស់នៅក្នុងតំបន់បាននិយាយថាវាជាយប់ដ៏ធ្ងន់មួយ៕

Leave a Reply

Your email address will not be published. Required fields are marked *