(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា ដែល ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គ ស្នង ការរងនគរបាលជាតិកម្ពុជា នឹងជួប ប្រជុំជា មួយនគរបាលភូមិន្ទថៃនៅខេត្តស្រះកែវរបស់ប្រទេសថៃដើម្បីពិនិត្យ លើការ ពង្រឹង កិច្ចសហការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែន។
ក្នុងកិច្ចប្រជុំនេះផងដែរភាគីទាំងពីរក៏គ្រោងនឹងពិភាក្សាគ្នាពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេស លើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែល បានបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងនគរបាលជាតិនៃប្រទេសទាំងពីរ នឹងជួបប្រជុំគ្នាក្នុងរយៈពេល ១ សបា្តហ៍ ដើម្បី បង្កើត ក្រុម ការងារចម្រុះដែលទទួលភារកិច្ចលើការរៀបចំផែនការ ស កម្មភាពពាក់ព័ន្ធនឹងការទប់ស្កាត់និងការបង្ក្រាបបទល្មើសឆ្លងដែន។
រាជរដ្ឋាភិបាលកម្ពុជាបាន ប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាមួយគ្នានេះកម្ពុជាសង្ឃឹមថា រដ្ឋាភិបាល ថៃនឹងធ្វើការប្តេជ្ញាចិត្តដូចកម្ពុជាផងដែរ ដើម្បីធានាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋរៀងៗខ្លួន៕