នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ប៉ូលិសថៃ ត្រៀមប្រើកាណុងបាញ់ទឹក “Gino” ចំនួន១០ដើម ដើម្បីបាញ់ស្រោចលើបាតុករខ្មែរនៅតំបន់ Baan Nong Ya Kaew ខេត្តស្រះកែវ បន្ទាប់ពីកើតមានហិង្សានៅព្រំដែនកាលពីល្ងាចម្សិលមិញ។
ប្រភពពីសារព័ត៌មានKhaosod។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រមាណ ៤:៣០ រសៀល កាលពីថ្ងៃទី១៧ ខែកញ្ញា នៅពេលខ្មែរបានប្រមូលផ្តុំ រុះរើរបងលួសបន្លា និងប៉ះទង្គិចជាមួយមន្ត្រីថៃ។ ការប៉ះទង្គិចនោះបានបណ្ដាលឱ្យមន្ត្រីថៃ៤នាក់រងរបួស។ ដើម្បីបញ្ចប់ស្ថានការណ៍ អាជ្ញាធរថៃបានប្រើកំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កៅស៊ូ ដើម្បីបំបែកហ្វូងមនុស្ស។
ក្នុងសេចក្តីថ្លែងការណ៍ថ្ងៃនេះ ឧត្តមសេនីយ៍ឯក Chaiyakrit Pho-ah មេបញ្ជាការនាយកដ្ឋានប៉ូលីសក្រុងសម្រាប់ការគ្រប់គ្រងហ្វូងមនុស្ស (MPDCC) បានបញ្ជាក់ថា ប៉ូលិសរួមទាំង MPDCC បានត្រៀមខ្លួនស្រេចសម្រាប់បេសកកម្ម។ កាណុងបាញ់ទឹក “Gino” ចំនួន ១០ ត្រូវបានគេថែទាំជាប្រចាំ ហើយបច្ចុប្បន្នកំពុងរង់ចាំការបញ្ជាផ្លូវការដើម្បីដាក់ពង្រាយ។
តាមការកត់សម្គាល់របស់អ្នកសារព័ត៌មាន កាណុងបាញ់ទឹក “Gino” ជារថយន្តពណ៌ខៀវ អាចផ្ទុកទឹកបានដល់ ១២,០០០ លីត្រ។ វាមានកាណុងបាញ់ទឹកនៅលើដំបូល ដែលអាចបាញ់បានឆ្ងាយដល់ ៦៥ ម៉ែត្រ និងអាចលៃតម្រូវកម្រិតទិស ៣៦០ ដឺក្រេ។ ប្រព័ន្ធនេះអាចបន្ថែមថ្នាំជ្រលក់ទៅក្នុងទឹក ដើម្បីសម្គាល់អ្នកបាតុករ និងសម្លៀកបំពាក់របស់ពួកគេ។
លើសពីនេះ រថយន្តគ្រប់គ្រងហ្វូងមនុស្ស “Gino” ក៏បំពាក់ជាមួយប្រព័ន្ធសំឡេងប្រេកង់ខ្ពស់ Long Range Acoustic Device (LRAD) សម្រាប់បញ្ជូនសញ្ញាព្រមាន និងបង្ក្រាបហ្វូងមនុស្ស។ វាមានសមត្ថភាពបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងពពុះពន្លត់អគ្គីភ័យ។
រថយន្តនេះត្រូវបានកសាងឡើងដោយមានប្រព័ន្ធការពារខ្លាំង ដោយបំពាក់កង់ការពារគ្រាប់កាំភ្លើង បង្អួចមានសំណាញ់ដែក និងរបាំងដែកនៅខាងមុខសម្រាប់ជម្រះឧបសគ្គ។ កាមេរ៉ា CCTV ត្រូវបានដំឡើងជុំវិញទាំងស្រុង ដើម្បីកត់ត្រាព្រឹត្តិការណ៍ជាភស្តុតាងសម្រាប់ការផ្ទៀងផ្ទាត់។
អាជ្ញាធរថៃបានបញ្ជាក់ថា សកម្មភាពទាំងនេះគឺដើម្បីការពារសន្តិសុខ និងស្ថានភាពសណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន៕