នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងឱកាសមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី លោក Chalard Khamchuang អនុប្រធានទី២ នៃសភាតំណាងរាស្រ្ត និងជាប្រធានគណៈប្រតិភូសភាថៃ បានចោទប្រកាន់កម្ពុជាថាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មសង្គ្រាម និយាយមិនពិត និងបំពានច្បាប់អន្តរជាតិ។
ប្រភពពីសារព័ត៌មានKhaosod។
លោក Chalard បានអះអាងថា ថៃមានភស្តុតាងច្បាស់លាស់ និងអាចសង្កេតបានអំពីស្ថានភាព និងបដិសេធថា ប្រតិបត្តិការយោធារបស់ថៃ ប៉ះពាល់ដល់តំបន់បុរាណ Khao Phra Wihan ដូចដែលកម្ពុជាបានលើកឡើង។ លោកបានបន្ថែមថា ថៃបានជម្រាបជូនអង្គការយូណេស្កូរួចហើយថា មិនមានការបំផ្លាញសម្បទានវប្បធម៌នោះឡើយ។
ក្នុងសុន្ទរកថារបស់គាត់ លោក Chalard បានចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់គ្រាប់រ៉ុក្កែត BM-21 ចូលទៅក្នុងសហគមន៍ជនស៊ីវិលថៃ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស រួមទាំងកុមារ។ ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស PMN-2 ក៏ត្រូវបានគេបញ្ជាក់ថា មានប្រភពពីកម្ពុជា ដោយបណ្តាលឲ្យទាហានថៃជាច្រើនក្លាយជាជនពិការអចិន្ត្រៃយ៍។ លោកបានអះអាងថា ភស្តុតាងជាក់ស្តែងបង្ហាញថា កងទ័ពកម្ពុជាត្រូវបានបណ្តុះបណ្តាលក្នុងការដាក់មីនទាំងនេះ។
អនុប្រធានសភាថៃបានបន្តថា សកម្មភាពរបស់ភាគីកម្ពុជា គឺជាការបំពានច្បាប់អន្តរជាតិ និងធម្មនុញ្ញសហប្រជាជាតិ ព្រមទាំងផ្ទុយនឹងអនុសញ្ញាអន្តរជាតិជាច្រើន ដូចជា កតិកាសញ្ញាទីក្រុងហ្សឺណែវ អនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ។
នៅក្នុងការឆ្លើយតបចំពោះការអះអាងរបស់កម្ពុជា ថាថៃបានរំលោភតំបន់បុរាណ Khao Phra Wihan និងបានបំផ្លាញរបងនៅជិតព្រំដែន លោក Chalard បានបញ្ជាក់ថា ការងារទាំងនោះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ថៃ។ គាត់បាននិយាយថា ការរុះរើរបងដោយអ្នកភូមិខ្មែរ បានបង្កការរបួសដល់មន្ត្រីថៃមួយចំនួន។
នៅចុងបញ្ចប់សុន្ទរកថា លោក Chalard បានបញ្ជាក់ថា ថៃគោរពច្បាប់អន្តរជាតិ និងគោលការណ៍អាស៊ាន ដោយគាំទ្រការដោះស្រាយជម្លោះតាមសន្តិវិធី និងការចរចាទ្វេភាគី។ លោកបានអំពាវនាវឱ្យភាគីទាំងពីរងាកមុខមករកការផ្សះផ្សាដោយផ្អែកលើទំនុកចិត្ត និងការសហការជាដៃគូក្នុងតំបន់៕