Breaking៖ ចាប់ខ្លួនជនជាតិថៃ១៣នាក់ ដែលព្យាយាមឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់!

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងទាហានថៃ ក្រោមអង្គភាពបញ្ជាការដ្ឋានអារញ្ញប្រាថេត (Ranger 1206) បានស្ទាក់ចាប់ជនជាតិថៃចំនួន ១៣ នាក់ ក្នុងនោះមានប្រុស៨នាក់និងស្ត្រី ៥នាក់ ខណៈពួកគេកំពុងព្យាយាមឆ្លងដែនខុសច្បាប់ចូលប្រទេសកម្ពុជា។
ប្រភពពីសារព័ត៌មានKhaosod។

ជនទាំងនេះត្រូវបានរកឃើញនៅក្នុងចំការអំពៅ ក្បែរ ព្រំដែន ខណៈពួកគេត្រូវបាននាំដំណើរដោយបុរសខ្មែរ ៣ នាក់។ ទោះយ៉ាងណា ក្រុមនាំដំណើរបានគេចខ្លួនទៅកាន់ចំការអំពៅខាងកម្ពុជា មិនអាចត្រូវបានកំណត់ទីតាំងបានឡើយ។

តាមការសាកសួរដំបូង ជនជាតិថៃទាំង ១៣ នាក់បានអះអាងថា ពួកគេគ្មានការងារធ្វើ និងត្រូវបានបោកប្រាស់តាមបណ្តាញសង្គម LINE និង Facebook ដោយសន្យាប្រាក់ខែចន្លោះពី ៨,០០០ ដល់ ១២,០០០ បាត ក្នុងការងារដែលមិនបានបញ្ជាក់ច្បាស់លាស់។ ក្រុមជ្រើសរើសបានធានាថានឹងផ្តល់ដំណើរដោយឥតគិតថ្លៃ ទើបជនទាំងនេះជឿជាក់ និងព្យាយាមឆ្លងដែន។

ជនរងគ្រោះបានឲ្យដឹងថា ក្រោយមកដល់ខេត្តស្រះកែវ ពួកគេត្រូវបានដឹកទៅកាន់រមណីយដ្ឋានមួយសិន មុននឹងនាំទៅព្រំដែន ដោយគ្មានចំណេះដឹងថាពួកគេចុងក្រោយត្រូវធ្វើការនៅបរទេស។ ស្ថានភាពនេះធ្វើឲ្យអាជ្ញាធរសង្ស័យថា ជនជាតិថៃទាំងនេះអាចជាជនរងគ្រោះនៃករណីជួញដូរមនុស្ស ដែលក្រុមឧក្រិដ្ឋករ កំពុងកេងប្រវ័ញ្ចលើស្ថានភាពសេដ្ឋកិច្ច និងការខ្វះការងារធ្វើ។

បច្ចុប្បន្ន ជនជាតិថៃទាំង ១៣ នាក់ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល Klong Nam Sai ដើម្បីចាត់ការតាមនិតិវិធី និងស៊ើបអង្កេតបន្ថែម ក្នុងគោលបំណងស្វែងរកអត្តសញ្ញាណនៃសមាជិកបណ្តាញឧក្រិដ្ឋជនផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *