Breaking៖ អាមេរិក បដិសេធបទឈប់បាញ់នៅតំបន់ហ្គាហ្សាដើម្បីជួយដល់អ៊ីស្រាអែល!

កាលពីថ្ងៃទី 18 ខែកញ្ញា ឆ្នាំ2025 អាមេរិក បានប្រើសិទ្ធិវេតូរបស់ខ្លួនម្ដងទៀត ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីបដិសេធន៍ការអំពាវនាវឱ្យមាន បទឈប់បាញ់ជាបន្ទាន់ គ្មានលក្ខខណ្ឌ និងអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សា។ ការសម្រេចនេះមានគោលបំណងការពារសម្ព័ន្ធមិត្តសំខាន់របស់ខ្លួនគឺអ៊ីស្រាអែល ពីសម្ពាធនយោបាយការទូតអន្តរជាតិ។

ប្រភពពីសារព័ត៌មានCNA។

ក្នុងការបោះឆ្នោតនោះ សមាជិក 14 រូបផ្សេងទៀតបានគាំទ្រដំណោះស្រាយ ដែលត្រូវបានផ្តួចផ្តើមតាំងពីខែសីហា ដើម្បីឆ្លើយតបទៅនឹងការប្រកាសជាផ្លូវការរបស់អង្គការសហប្រជាជាតិអំពីការប្រេះស្រាំនៃជីវភាព និងទុរ្ភិក្សាដ៏ធ្ងន់ធ្ងរ។ ទោះយ៉ាងណា សហរដ្ឋអាមេរិកបានទប់ស្កាត់ដោយប្រើវេតូ ដូចដែលបានធ្វើជាបន្តបន្ទាប់មក។ នេះជាលើកទីប្រាំមួយហើយក្នុងរយៈពេលជិតពីរឆ្នាំ ចាប់តាំងពីការប្រយុទ្ធរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងវិញ។
ដំណោះស្រាយបានទាមទារឱ្យមានការដោះលែងអ្នកជាប់ចំណាប់ខ្មាំងដោយគ្មានលក្ខខណ្ឌព្រមទាំងអំពាវនាវឱ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Danny Danon បានថ្កោលទោសដំណោះស្រាយនេះ ដោយអះអាងថា សម្រាប់សមាជិកខ្លះ នេះគ្រាន់តែជាការអនុវត្តតាមការទូត ប៉ុន្តែសម្រាប់អ៊ីស្រាអែល វាជាការពិតប្រចាំថ្ងៃ។

ផ្ទុយទៅវិញ ឯកអគ្គរដ្ឋទូតអាល់ហ្សេរី Amar Bendjama បានស្នើឱ្យប្រជាជនប៉ាឡេស្ទីនអត់ទោសព្រោះក្រុមប្រឹក្សាមិនអាចផ្តល់ជំនួយការពារជីវិតកុមារបាន។
ក្នុងពេលតែមួយ កងកម្លាំងអ៊ីស្រាអែលបានបន្តប្រតិបត្តិការវាយប្រហារតាមដី និងតាមអាកាសលើទីក្រុងហ្គាហ្សា បណ្តាលឱ្យប្រជាជនរាប់ម៉ឺននាក់ត្រូវរត់ភៀសខ្លួន ពិសេសនៅភាគខាងត្បូង៕

Leave a Reply

Your email address will not be published. Required fields are marked *