ក្រោយពីមានការប៉ះទង្គិចនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបណ្ដាលឲ្យមានទាហាន និងជនស៊ីវិលស្លាប់សរុប ១៥ នាក់ អគ្គមេបញ្ជាការកងកម្លាំងការពារប្រទេសថៃ បានដឹកនាំកិច្ចប្រជុំពិសេសជាមួយក្រុមប្រឹក្សាបញ្ជាការយោធា នៅថ្ងៃទី១៩ ខែកញ្ញា ដើម្បីពិភាក្សាអំពីវិធានការរឹងមាំក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។
ប្រភពពីសារព័ត៌មានkhaosod នៅថ្ងៃទី១៩ខែកញ្ញា។
កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចសំខាន់ៗ៖
-បិទប៉ុស្តិ៍ត្រួតពិនិត្យព្រំដែន៖ បន្តការបិទច្រកព្រំដែនជា បណ្តោះអាសន្ន រហូតដល់កម្ពុជាឈប់បង្កគំរាមកំហែង ឬភាពតានតឹងបានធូរស្រាល។
-សាងសង់របងព្រំដែន៖ ចាប់ផ្តើមសាងសង់របងតាមតំបន់ ដែលមានការព្រមព្រៀង ព្រមទាំងបង្កើនការល្បាតនៅតំបន់ ជម្លោះ និងបង្កើតផ្លូវយុទ្ធសាស្ត្រ។
-ការពារអធិបតេយ្យភាព៖ អនុវត្តន៍វិធានការអន្តរជាតិ (ROE) ប្រឆាំងនឹងអំពើអរិភាព ការចារកម្ម និងការរៀបចំវាយប្រហារ ដោយអនុញ្ញាតឱ្យមានវិធានការការពារខ្លួនជាមុន។
ក្រុមប្រឹក្សាបញ្ជាការយោធា បានបង្ហាញទាំងយុទ្ធសាស្ត្រវាយលុក និងការពារ ទៅកាន់រដ្ឋមន្ត្រីការពារជាតិ ដើម្បីពិចារណានិងអនុវត្ត។
អ្នកវិភាគនយោបាយមួយចំនួនបានបង្ហាញការព្រួយបារម្ភថា ការបិទព្រំដែន និងការកសាងរបងអាចប៉ះពាល់ដល់សេដ្ឋកិច្ចពាណិជ្ជកម្ម និងជីវភាពប្រជាពលរដ្ឋតាមព្រំដែន។ ទោះជាយ៉ាងណា មេដឹកនាំយោធាថៃបានបញ្ជាក់ថា សន្តិសុខជាតិ និងអធិបតេយ្យភាពប្រទេស គឺជាការអាទិភាពខ្ពស់ជាងគេ៕