Breaking៖ សម្តេចធិបតី អនុញ្ញាតឲ្យអគ្គមេបញ្ជាការកងទ័ពភូមិន្ទព្រុយណេ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការកងទ័ព ភូមិន្ទព្រុយណេ (RBAF) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

នាជំនួប, ឯកឧត្តមអគ្គមេបញ្ជាការ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ជូនចំពោះសម្តេចបវរធិបតី។ ឯកឧត្តមអគ្គមេបញ្ជាការ បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងក្នុងតំបន់អាស៊ាន។ ឯកឧត្តមអគ្គមេបញ្ជាការក៏បានថ្លែងអំណរគុណដល់កម្ពុជាដែលបានបញ្ជូនកងកម្លាំងទៅទទួលការបណ្តុះបណ្តាលនៅប្រទេសព្រុយណេ និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ជាការឆ្លើយតប, សម្តេចមហាបវរធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្តេចបវរធិបតីមានជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមអគ្គមេបញ្ជាការនាពេលនេះ ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរនឹងកាន់តែត្រូវបានជំរុញឱ្យរីកចម្រើនថែមទៀត។ សម្តេចបវរធិបតីក៏បានថ្លែងអំណរគុណព្រុយណេដែលបន្តគាំទ្រលើការងារបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា។

ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីសង្ឃឹមថា កងទ័ពទាំងពីរនឹងបន្តពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់កម្រិត, ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាដេីម។

ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ, សម្តេចបវរធិបតីបានថ្លែងអំណរគុណព្រុយណេដែលបានគាំទ្រ និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបាន ជម្រាប ជូន ឯកឧត្តម អគ្គមេបញ្ជាការ អំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍ នៃស្ថាន ភាព ព្រំដែន កម្ពុជា-ថៃ ព្រមទាំង បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើ កិច្ច ព្រមព្រៀង ទ្វេ ភាគី អនុ សញ្ញា សទ្ធិសញ្ញា ដែល មាន ស្រាប់ និង ច្បាប់ អន្តរជាតិ ។

ឯកឧត្តមអគ្គមេបញ្ជាការបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់ព្រុយណេលើយន្តការក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ដើម្បីរក្សាបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជា សន្តិភាពនៅក្នុងតំបន់ទាំងមូល៕

Leave a Reply

Your email address will not be published. Required fields are marked *