សម្ដេចតេជោ អនុញ្ញាតឱ្យឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ!

(ក្រុងតូក្យូ)៖ នៅម៉ោង១០ និង៥០នាទី ព្រឹកថ្ងៃទី១១ ខែមករា ២០២៤ (ម៉ោងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន បានអនុញ្ញាតឱ្យ ឯកឧត្តម អាកាស៊ី យ៉ាស៊ូស៊ី (Akashi Yasushi) អតីតប្រមុខ អ៊ុនតាក់ ជួបសំដែងការគួរសមនិងពិភាក្សាការងារ នៅសណ្ឋាគារ New Otani ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ឯកឧត្តម អាកាស៊ី មានក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានជួប សម្តេចតេជោ ជាថ្មីម្តងទៀត និងថ្លែងអំណរគុណ សម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យឯកឧត្តមបានជួបគួរសមក្នុងពេលដ៏មមាញឹករបស់សម្តេច។ ឯកឧត្តមបាន មានប្រសាសន៍ថា រយៈពេលមួយឆ្នាំកន្លះនៅកម្ពុជា ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ ក្នុងនាមជាប្រមុខអ៊ុនតាក់ បានផ្តល់នូវអនុស្សាវរីយ៍ ដ៏ល្អ បំផុត ក្នុងជីវិតរបស់ឯកឧត្តម ដែលមិនអាចបំភ្លេចបាន។ ឯកឧត្តមនៅចងចាំបាននូវកិច្ចសហការដ៏ល្អ និងភាពបត់បែនទន់ភ្លន់តែម៉ឺងម៉ាត់របស់ សម្ដេចតេជោ ដែល ជាគន្លឹះក្នុងការសម្រេចបានលទ្ធផលល្អៗក្នុងកិច្ចប្រជុំទាំងឡាយរបស់អ៊ុនតាក់។ អ្វីៗនឹងមិនអាចទទួលបានជោគជ័យទេ ប្រសិនបើពុំមានការសហការ របស់សម្តេចតេជោ។

នាឱកាស នេះ ដែរ ឯកឧត្តម អាកាស៊ី បានវាយតម្លៃខ្ពស់ ចំពោះ ការដឹកនាំរបស់ រាជរដ្ឋាភិបាល កម្ពុជា ក្នុង រយៈ ពេលកន្លងមកនេះ ទាំងក្នុងដំណើរការស្វែងរកសន្ដិភាព ទាំងការស្តារនិងកសាងប្រទេសឡើងវិញ ដែលធ្វើឱ្យកម្ពុជាទទួលបាននូវ វឌ្ឍនភាព វិបុលភាព និងមានស្ថានភាពយ៉ាងល្អប្រសើរបើធៀបនឹងប្រទេសខ្លះនៅ ក្នុង តំបន់ទៅទៀត ដែលអ្នកពាក់ព័ន្ធទាំងឡាយគួរមានមោទនភាព និងកោតសរសើរកម្ពុជា។ ឯកឧត្តមសូម គោរពកោត សរសើរចំពោះការសម្រេចចិត្តដ៏ ត្រឹម ត្រូវ របស់ សម្ដេចតេជោ ក្នុងការ របៀបចំឱ្យមានការបន្ដវេន ដែលថ្នាក់ដឹកនាំថ្មីមានភាព ជាអ្នកដឹកនាំម៉ឺងម៉ាត់និងឈ្លាសវៃ ព្រោះឯកឧត្តម បានស្គាល់ សម្ដេចធិបតី តាមរយៈជំនួបផ្ទាល់នាពេលកន្លងមក។

ក្រៅពីនេះ ឯកឧត្តមមានចំណាប់អារម្មណ៍ផ្ទាល់គឺ ស្រឡាញ់ទេសភាពធម្មជាតិនៅក្នុងប្រទេស កម្ពុជា ទាំង ព្រៃឈើ ទាំងឆ្នេរសមុទ្រ និងបេតិកភណ្ឌវប្បធម៌ ជាពិសេសប្រាសាទអង្គរវត្ត និងសិល្បៈបុរាណខ្មែរ ដែលគួរមានការ ផ្សព្វផ្សាយឱ្យ បាន ទូលំទូលាយបន្ថែមទៀតទៅកាន់ពិភពលោក។

ក្នុងជំនួបនេះដែរ សម្ដេចតេជោ ក៏មានសេចក្ដីរីករាយដែលបានជួបជាមួយ ឯកឧត្តម អាកាស៊ី ជាថ្មីម្ដងទៀត និងបានអរគុណ ឯកឧត្តម ដែលបានរំលឹកដល់ពេលវេលាដែលកម្ពុជាធ្លាប់ស្ថិតក្នុងស្ថានភាពលំបាកនោះ។ សម្ដេច តេជោ បញ្ជាក់ថា ដោយសារការសហការរួមគ្នារវាងអ៊ុនតាក់ និងបណ្ដា ប្រទេស ពាក់ព័ន្ធនាពេលនោះ និងការខិតខំប្រឹងប្រែងផ្ទាល់របស់កម្ពុជា ទើបប្រទេសកម្ពុជាអាចមានស្ថានភាព ដូច សព្វ ថ្ងៃ ប្រកប ដោយ សន្ដិភាពពេញលេញ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាការពិតនៅនឹងមុខនោះគឺ៖ កម្ពុជាបានប្រែក្លាយពីប្រទេសមានសង្រ្គាមមកសន្ដិភាព ពីតំបន់សមរភូមិប្រែជា តំបន់ អភិវឌ្ឍន៍ ពីស្ថានភាព ខ្វះទឹកស្អាតនិងអគ្គិសនីមកស្ថានភាពមានប្រើប្រាស់គ្រប់គ្រាន់ ពីទីក្រុងភ្នំពេញដែលមានផ្ទៃដីតែ ជាង ៤០០ គ.ម. ក្រឡា ទៅដល់ជាង ៧០០ គ.មក្រឡា ហើយពីផលិតផលក្នុងស្រុកសម្រាប់ ប្រជាជនម្នាក់ៗក្នុងមួយឆ្នាំតែ ១០០ ដុល្លា រ អាមេរិក នាពេលនោះ មកជាង ២០០០ ដុល្លារអាមេរិក នៅពេល បច្ចុប្បន្ន។

នៅចុងបញ្ចប់ ឥស្សរជនទាំងពីររូប បានបង្ហាញអំពីសុទិដ្ឋិនិយមជាមួយការដឹកនាំរបស់អ្នកដឹកនាំជំនាន់ថ្មី ក្នុង ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដល់ កម្រិត ថ្មីមួយទៀត ហើយមានជំនឿទុកចិត្តថាជាមួយគ្នានេះ ទំនាក់ ទំនងទេ្វភាគី កម្ពុជា-ជប៉ុន នឹងកាន់តែរីកធំធាត់និងស៊ីជម្រៅថែមទៀតនៅពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *