(ភ្នំពេញ)៖ លោក Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចការងារ រយៈពេល៣ថ្ងៃ។
ក្នុងដំណើរទស្សនកិច្ចនេះលោក Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន ព្រឹទ្ធសភាកម្ពុជា។
លោកនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពផងដែរ។
នាយករដ្ឋមន្ត្រី នឹងពិភាក្សាស៊ីជម្រៅលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងការពង្រីកកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ៕