Breaking៖ ការិយាល័យអ្នកទោសប៉ាឡេស្ទីន ចេញបញ្ជីឈ្មោះអ្នកទោស១,៧១៨នាក់ ដែលនឹងត្រូវ ដោះលែងក្រោមកិច្ចព្រមព្រៀងឈប់បាញ់!

ការិយាល័យអ្នកទោសប៉ាឡេស្ទីនបានចេញផ្សាយបញ្ជីឈ្មោះអ្នកទោសចំនួន ១,៧១៨ នាក់ ដែលនឹងត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងអនុវត្តនៅតំបន់ហ្គាហ្សា។ ក្នុងចំណោមនេះ មានអ្នកទោស២៥០នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមួយជីវិត។
ប្រភពពីសារព័ត៌មាន Anadolu នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ការដោះលែងនេះជាផ្នែកមួយនៃផែនការដែលដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅហ្គាហ្សា។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកទោសបាននិយាយថា បញ្ជីឈ្មោះនេះត្រូវបានចេញផ្សាយនៅថ្ងៃចន្ទ ខណៈដែលដំណើរការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលក៏បានចាប់ផ្តើមដែរ។

ក្រុមហាម៉ាស បានអះអាងថាការដោះលែងនេះជាផ្នែកដំបូងនៃផែនការរបស់លោក Trump ដែលមានគោលបំណងស្តារភាពស្ងប់ស្ងាត់នៅតំបន់ហ្គាហ្សា។ ក្រុមនេះបានសង្កត់ធ្ងន់ថា វាជាជ័យជំនះនៃភាពអត់ធ្មត់ និងការតស៊ូរបស់ប្រជាជនប៉ាឡេស្ទីន ហើយបានអំពាវនាវឲ្យអ្នកសម្រុះសម្រួលអន្តរជាតិធានាឱ្យអ៊ីស្រាអែលគោរពតាមកិច្ចព្រមព្រៀង៕

Leave a Reply

Your email address will not be published. Required fields are marked *